ភ្នំពេញៈ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីស សេដ្ឋកិច្ចក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការ សម្របសម្រួលពីលោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យយានដ្ឋានកាត់តតម្លេីងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់ នៅចំណុចយាន្តដ្ឋានគ្មានលេខ ផ្លូវ598 សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅក្នុងប្រតិបត្តិការនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុំ មុន្នី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឆែកឆេរជាក់ស្តែងរកឃេីញ រថយន្តចំនួន10 គ្រឿង ក្នុងនោះរថយន្តបានតម្លេីងរួចចំនួន 05គ្រឿង(ម៉ាក lexus 03គ្រឿង, camry hybrigde 01គ្រឿង និង hylan der 01គ្រឿង) និងចំនួន 05គ្រឿងទៀតកំពុងតម្លេីងពំុទាន់រួច (ម៉ាកlexus 02 គ្រឿង ,camry hybrigde 01គ្រឿង និងpruis 02គ្រឿង)
ចំពោះវត្ថុតាងទាំង អស់ខាងលើលោកព្រះរាជអាជ្ញារងបាន សម្រេចឲ្យបិទផ្លុំបេសៀលរក្សាដាក់ទុកក្នុងយាន្ដដ្ឋានខាងលេីចំនួន 05គ្រឿង(ដែល តម្លេីងពុំទាន់រួច) និងចំនួន 05គ្រឿងដែលបានតម្លេីងរួច បានដកហូតយកមករក្សា ទុកនៅនាយកដ្ឋាននិង ហើយនៅក្នុងប្រតិបត្តិការនេះដែរបាននាំមេការ ឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ 24 ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋាន ដេីម្បីបន្តនីតិវិធី ៕ជ្រោយពេជ្រ