ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទ​កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ សួស​ សំអាត​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ សម្រេច​មិន​ដោះលែង​​ជនត្រូវចោទ​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ​ ។

សវនាការ​នេះ​ ​ធ្វើ​ជា​អសាធារណៈ​ ព្រោះ​ជា​រឿង​មុន​អង្គសេចក្តី​ ដោយ​ពុំ​អនុញ្ញាត​ឱ្យ​អ្នក​មិន​ពាក់ព័ន្ធ​ចូលរួម​សវនាការ​ឡើយ​ ហើយ​ក៏​គ្មាន​វត្តមាន​លោក​កឹម​ សុខា​ ដែរ​។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពីខែមីនា ឆ្នាំ២០១៨ បានចេញដីកាបន្តឃុំខ្លួន លោក កឹម សុខា រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃ​នៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ។

លោក ​លី សុផាន់ណា ​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នាពេលកន្លងទៅ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ តាម​សារ​អេឡិច​ត្រូនិច​ Telegram ​ថា ​ការសម្រេចពន្យារពេលឃុំខ្លួន លោក កឹម សុខា នេះគឺចៅក្រម​ស៊ើប​សួរ​យល់ថា ​ដោយសារមាន​ភាព​ចាំ​បាច់​ ៕ ចេស្តា


ចែករំលែក៖