ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់បើកថយក្រោយរអិលធ្លាក់ប្រឡាយដាក់លូប៉ាស់ជើងច្រង៉ាងនៅតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន អូស៊ីអាយស៊ី

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហ៊ីណូដឹកខ្សាច់មួយគ្រឿងបានបើកថយក្រោយជាន់ហ្វ្រាំងមិនស៊ី រអិលចូលប្រឡាយសម្រាប់ដាក់លូ បណ្តាលឲ្យក្រឡាប់ប៉ាស់ជើងឡើងលើ សំណាងល្អអ្នកបើកបរមិនរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងខាងត្បូងរង្វង់មូលនាងមច្ឆា ប្រហែល១០០ម៉ែត្រ តំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អូស៊ីអាយស៊ី សង្កាត់-ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលរអិលធ្លាក់ចូលប្រឡាយសម្រាប់ដាក់លូនោះម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-3233 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ ហើយនៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកថយក្រោយ បំណងចាក់ខ្សាច់ហើយជាន់ហ្វ្រាំងមិនស៊ីក៏បណ្តាលឲ្យរថយន្តរអិលធ្លាក់ចូលប្រឡាយដែលគេជីកសម្រាប់ដាក់លូតែម្តង ឯអ្នកបើកបរមិនមានរងរបួសនោះទេ បន្ទាប់ពីកើតហេតុខាងក្រុមហ៊ុនក៏បានហៅរថយន្តស្ទូចមកស្ទូចឡើងលើវិញ ៕​ ជ្រោយពេជ្រ


ចែករំលែក៖