ព័ត៌មានទាន់ហេតុការណ៍៖

ការពិតម៉ូតូScoopy មួយគ្រឿងដែលជិះទៅបុកទ្វារផ្ទះប្រជាពលរដ្ឋបង្កជាអណ្តាតភ្លើងឆាបឆេះនោះគឺជនសង្ស័យលួចមកពីខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបានប្រាប់ថា ការពិតម៉ូតូScoopy មួយគ្រឿងដែលបើកបុករបងផ្ទះពលរដ្ឋយប់មិញនៅសង្កាត់ទឹកថ្លានោះ គឺជនសង្ស័យបានលួចមកពីខណ្ឌទួលគោក ប៉ុន្តែក្រោយពីឆាបឆេះជនសង្ស័យបានរត់គេខ្លួនបាត់ ។

ករណីនេះកើតឡើងកាលពីថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២រំលងអធ្រាត្រ នៅតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូរងការឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើម៉ាក ហុងដា Scoopy ស៊េរីឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-9440 ដែលបើកបរដោយជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យប្រមាណជាង៣០ឆ្នាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹង បានបើកបរម៉ូតូខាងលើ តាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ដោយផ្លូវមានទួល ដែលគេដាក់សម្រាប់ឲ្យអ្នកបើកបរបន្ថយល្បឿន ប៉ុន្តែម៉ូតូបើកឡើងទួលដោយមិនបន្ថយល្បឿន ក៏រេចង្កូតទៅខាងឆ្វេងទៅបុកទ្វារដែកផ្ទះកើតហេតុ បណ្តាលឲ្យដួលរងការខូចខាតម៉ូតូ តែមិនបង្កឲ្យទ្វារដែកឲ្យខូចខាននោះទេ។

បន្ទាប់ពីការបុកទ្វារផ្ទះរបស់ប្រជាពលរដ្ឋហើយ ក៏ស្រាប់តែម៉ូតូខាងលើលេចចេញជាអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញនោះ ចេញមកនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់បីទៅបួនបំពង់ ទើបរន្លត់ជាស្ថាពរ ប៉ុន្តែម៉ូតូបានរងការឆេះរោលអស់ស្ទើរពាក់កណ្តាលផ្នែកខាងក្រោយ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរម៉ូតូបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

លោកវរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាក្រោយកើតហេតុលោកបានបញ្ជាអោយនគរបាលប៉ុស្តិ៍ទឹកថ្លាចុះទៅពិនិត្យដល់កន្លែងកើតហេតុបានឃើញស្លាកលេខម៉ូតូចំនួនពីរសន្លឹក ដោយសន្លឹកទី១ មានស្លាកលេខ ភ្នំពេញ 1BP-1300 និងសន្លឹកទី២ ស្លាកលេខ ភ្នំពេញ 1AZ-9509 ដែលស្លាកលេខទាំងពីរសន្លឹងនោះ រកឃើញនៅក្នុងកែបម៉ូតូដែលឆាបឆេះ។

លោកអធិកាខណ្ឌបន្តទៀតថា ក្រោយពីស្រាវជ្រាវទើបដឹងថាម៉ូតូគឺជនសង្ស័យបានលួចពីខណ្ឌទួលគោកហើយពេលជួបហេតុការណ៍ក៏រត់គេចខ្លួន។

បច្ចុប្បន្នម៉ូតូខាងលើងត្រូវប្រគល់ឲ្យទៅសមត្ថកិច្ចខណ្ឌទួលគោកដើម្បីដោះស្រាយបន្ត ៕ តុង សីហា


ចែករំលែក៖