ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីជាមួយគ្នា ស្រវឹងស្រាយគំនុំចាស់ម្ខាងដេរ៨ថ្នេរ ម្ខាងដេរ៥ថ្នេរ

ចែករំលែក៖

ខេត្តកណ្ដាល: ផឹកស៊ីមួយក្រុមពេលផឹកស៊ីសប្បាយក្អាកក្អាយជាមួយគ្នា ក្នុងនោះក៏មានបុរស២នាក់ធ្លាប់មានឈ្លោះប្រកែកគ្នា នាពេលកន្លងមក ហើយនៅពេលពួកគេកំពុងតែផឹកស៉ីជាមួយគ្នា លុះដល់ស្រវឹងរៀងៗខ្លួន ក៏បានទាក់ពាក្យសម្ដីដាក់គ្នា រហូតឈានទៅដល់ការវាយតប់គ្នាទៅវិញទៅមកធ្វើឲ្យរងរបួសតិចតួចរៀងៗខ្លួន។ក្នុងករណីនេះភាគីម្ខាងកើតទុក្ខមិនសុខចិត្តបានរត់ទៅយកកាំបិតប៉័ងតោ កាប់លើបុរសភាគីទំនាស់ម្នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដេរអស់៨២ថ្នេរ។ ចំណែកភាគីម្ខាងទៀតជាអ្នកកាន់កាំបិតប៉័ងតោត្រូវនគរបាលចាប់វាយខ្នោះដេរអស់៥ថ្នេរដែរ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃ ចន្ទ ៦ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចដីវាលកន្លែងចិញ្ចឹមសត្វទា ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ា សុវណ្ណ ភេទប្រុស៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរចុងភៅ រស់ នៅភូមិត្នោតម្តើម ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមានឈ្មោះ សយ រ៉ុម ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គុយទាវ នៅភូមិបូរីកម្មករ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយចាប់ខ្លួនជនបង្កនគរបាលបានដកហូត កាំបិតប័ុងតោដងឈើចំនួន១ដើម និងជនរងគ្រោះរបួសត្រចៀកខាងឆ្វេងដេរចំនួន២៥ថ្នេរ និង របួសបាតដៃធ្វេងដេរច្រើនថ្នេរ សរុប៨២ថ្នេរ។រីឯជនដៃដល់រងបួសក្រោមភ្នែកខាងស្តាំដេរចំនួន៤ថ្នេរ និងមេដៃខាងស្តាំដេរចំនួន១ថ្នេរសរុបចំនួន៥ថ្នេរ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកសុីជាមួយគ្នា នៅរោងចិញ្ចឹមសត្វទា ហើយកន្លងមកជនរងគ្រោះនិងជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នាលុះពេលនេះ ផឹកស៊ីជួបគ្នាក៏បានទាក់ពាក្យសម្តីគ្នា ដោយជនសង្ស័យបានគប់លើជនរងគ្រោះ១កំប៉ុងស្រាបៀរអាន់ឆ័រ ត្រូវចំថ្ងាស បណ្តាលឲ្យពកទើបប្រតាយប្រតបជាមួយគ្នាបណ្តាលឲ្យជនសង្ស័យរបួសបែកក្រោមភ្នែកខាងស្តាំ។ ពេលនោះអ្នកផឹកបានជួយឃាត់ឈប់ទាំងអស់គ្នា។ មួយសន្ទុះ ក្រោយមកជនសង្ស័យបានយក កាំបិតប័ុងតោ នៅក្នុងរោងចិញ្ចឹមសត្វទា មកកាប់លើជនរងគ្រោះជាច្រើនកាំបិតតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសយ រ៉ុម បានសារភាពថាខ្លួនខឹងនិងបែកក្រោមភ្នែកផង ទើបខ្លួនយកកាំបិតប័ុងតោកាប់លើជនរងគ្រោះតែម្តង។ បន្ទាប់មកជនដៃដល់ត្រូវនគរបាលឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចាត់ការតាមច្បាប៕ សហការី


ចែករំលែក៖