ខេត្តកំពង់ស្ពឺ៖ បុរសដែលជាសិក្ខាកាមនគរបាលជាតិម្នាក់ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ឃុំត្រែងត្រយឹង ខណៈដែលជនសង្ស័យជាសិក្ខាកាមរូបនោះបានខ្ចីម៉ូតូមិត្តភក្តិជាសិក្ខាកាមនគរបាលជាតិដូចគ្នាដឹកប្រពន្ធទៅលេងស្រុកកំណើត ប៉ុន្តែផឹកស៊ីអត់លុយឲ្យគេ ក៏បែកគំនិតយកម៉ូតូមិត្តភក្តិទៅបញ្ចាំបាត់រហូតទៅ ១សប្តាហ៍ក្រោយមកទើបបានត្រឡប់មកវិញ មិនឃើញម៉ូតូម្ចាស់ក៏ឃាត់ឲ្យនគរបាលតែម្តង ។
ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើ កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងអង្គភាពសាលាមិត្តភាពកម្ពុជា វៀតណាម ស្ថិតនៅក្នុងភូមិទី០១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា កាលពីវេលាម៉ោង០២រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅមានឈ្មោះវើន រាំងសី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាមន្ត្រីនគរបាលជាតិ និងជាសិក្ខាកាមសិស្សសាលានគរបាលជាតិមិត្តភាព កម្ពុជា វៀតណាម ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ត្រែងត្រយឹងប្តឹងឈ្មោះជូ ផារិទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ( ជាសិស្ស)សិក្ខាកាម នគរបាលជាតិសាលាមិត្តភាព កម្ពុជា វៀតណាមដូចគ្នា និងមន្ត្រីនគរបាលមកពីរស្នងការដ្ឋានខេត្តបាត់ដំបង ពាក់ព័ន្ធករណីឆបោកយកម៉ូតូរបស់ឈ្មោះវើន រាំងសី ខាងលើយកទៅបាត់ជិត១០ថ្ងៃ ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះបានរៀននៅសាលានគរបាលមិត្តភាព កម្ពុជា វៀតណាមជាមួយគ្នា បន្ទាប់មកជនសង្ស័យ(ឈ្មោះជូ ផារិទ្ធ)បានខ្ចីម៉ូតូពីជនរងគ្រោះ(ឈ្មោះ រាំងសី)០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ពាក់ ស្លាកលេខ កណ្ដាល 1T 3107 កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ដើម្បីខ្ចីម៉ូតូយកទៅឌុបប្រពន្ធទៅលេងស្រុកកំណើត ដោយយល់ថាជាមិត្តភក្តិហើយរៀនសាលាជាមួយគ្នា ស្នាក់នៅបន្ទប់ជាមួយគ្នាថែមទៀតផងនោះ ជនរងគ្រោះក៏បានព្រមឲ្យខ្ចីម៉ូតូនោះទៅ ។ ប្រភពបានបន្ថែមទៀតថាបន្ទាប់ពីខ្ចីម៉ូតូបានហើយបុរសជាជនសង្ស័យបានជិះយកទៅបាត់រហូត ទូរសព្ទ័ចូលក៏មិនលើក លុះមកដល់ថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៨ទើបឃើញជនសង្ស័យឈ្មោះជូ ផារិទ្ធ មកដល់អង្គភាពសាលាមិត្តភាព កម្ពុជា វៀតណាមតែមិនឃើញម៉ូតូរបស់ជនរងគ្រោះឈ្មោះវើន រាំងសីឡើយ ទើបជនរងគ្រោះឃាត់ខ្លួននាំជនសង្ស័យមកដល់ប៉ុស្តិ៍៍នគរបាលត្រែងត្រយឹង ប្តឹងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ នៅប៉ុស្តិ៍នគរបាលឃុំត្រែងត្រយឹង ។
បើតាមសម្តីរបស់លោក សែម វុឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹងបាននិយាយឲ្យដឹងតាមទូរសព្ទ័ថា ពេលជនសង្ស័យត្រឡប់មកដល់វិញសួររកម៉ូតូ ជនសង្ស័យនិយាយថា ផឹកស៊ីអត់លុយឲ្យគេ ក៏យកម៉ូតូនោះទៅបញ្ចាំហើយចំនួន៥០០ដុល្លារអាមេរិក ពេលនោះដោយមានការសម្របសម្រួលពីមន្ត្រីនគរបាលប៉ុស្តិ៍ឃុំរួចមកភាគីទាំងសងខាងជាសិក្ខាកាមនោះព្រមព្រៀងគ្នាដោយយកលុយទៅលោះម៉ូតូដែលដាក់បញ្ចាំនៅក្នុងរាជធានីភ្នំពេញនោះបានមកវិញហើយ ត្រូវបានធ្វើកិច្ចសន្យាឲ្យភាគីជនសង្ស័យត្រូវសងរំលោះដល់ជនរងគ្រោះជាម្ចាស់ម៉ូតូក្នុង១ខែចំនួន១០០ដុល្លារ ហើយក៏បញ្ចប់រឿងតែម្តង នគរបាលក៏មិនបានឃាត់ខ្លួនជនសង្ស័យនោះដែរ ៕ សេនា សក្តិ