ភ្នំពេញ៖ កម្មករសំណង់វ័យក្មេងម្នាក់ បានធ្លាក់ពីលើសំណង់អគារមួយកន្លែងបណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនទាំងនៅកំព្រាវ័យក្មេង យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់អគារកម្ពស់៦ជាន់ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ចិត្ត អាយុជាង២០ឆ្នាំស្នាក់នៅកន្លែងកើតហេតុមានទីកន្លែងកំណើតនៅភូមិបាក់ព្រី ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនខាងលើត្រូវបានមេការប្រើឲ្យទៅធ្វើការនៅ លើជាន់ទី៤ ហើយជិតដល់ម៉ោងសម្រាកទៅហើយស្រាប់តែធ្លាក់ពីលើជាន់ទី៤ចំគំនរឈើ នៅខាងក្រោមបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុបងប្អូនជនរងគ្រោះនៅមិនអស់ចិត្ត ក៏ហៅរថយន្តសង្រ្គោះរបស់កងពលតូចលេខ៧០ នៃអង្គភាព៧១១ ដឹកយកសង្គ្រោះតែដោយអកុសលជនរងគ្រោះបានបាត់ទៅហើយទើបដឹកមកកន្លែងកើតហេតុវិញ។
ដោយឡែកសំណង់មួយនេះគ្មានស្លាកយីហោនោះទេ សាងសង់កៀកបំផុតទៅនឹងខ្សែកាប្លិ៍ភ្លើងដែលមានតង់ស្យ៉ុងខ្ពស់ ហើយអាជ្ញាធរភូមិដំណាក់ត្រយឹង បាននិយាយថា ម្ចាស់ការដ្ឋានសំណង់មួយនេះ អាងខ្នងធំធ្វើអ្វីៗមិនដែលប្រាប់អាជ្ញាធរឲ្យដឹងឡើយ។ សូម្បីតែមានកម្មករធ្លាក់ស្លាប់បែបនេះ ក៏ដឹកសពចេញមិនប្រាប់ឲ្យដឹងដែរ៕ សុខាសែនជ័យ