ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីគេឃើញតារាលំដាប់ជួរមុខ ព្រាប សុវត្ថិ លេខមុខប្រកាសពុះដីឡូតិ៍លក់ ។ វានឹងក្លាយជាមុខជំនួញថ្លៃលានដុល្លារអាមេរិកថ្មីដែលតារារូបនេះបានប្រកាស ។
គម្រោងដីឡូតិ៍នៅខេត្តកំពង់ស្ពឺមិនតិចជាង៤០០ប្លង់ទេដែលត្រូវបានគេប្រកាសលក់ជាផ្លូវការហើយ តារាចម្រៀងព្រាប សុវត្ថិត្រូវបានគេដឹងថាជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យធំគួរសមមួយនេះ ។ ព្រាប សុវត្ថិទទួលស្គាល់ថា ដីនោះគឺពិជាកម្មសិទ្ធិរបស់លោកមែន ដែលទំហំដីសរុបប្រមាណជិត៣ហិចតា ។ ទីតាំងដីស្ថិតនៅភូមិពីងពុង ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ លោកមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់ដែលនៅពីក្រោយជំនួញដីដ៏ភ្ញាក់ផ្អើលមួយនេះទេ ។ ទោះជាយ៉ាងណាលោកប្រាប់ថា លោកងាកទៅទិញនិងពុះដីលក់នោះដោយសារតែសេដ្ឋកិច្ចកម្ពុជាល្អតម្រូវការការទិញដីធ្លីសម្រាប់សាងសង់ផ្ទះមានការកើនឡើងសម្រាប់កំណើនប្រជាជននៅក្រុងភ្នំពេញទើបលោកបើកគម្រោងនោះឡើង ។
តម្លៃដីពុះឡូតិ៍របស់តារាចម្រៀងរូបនេះថ្លៃចាប់ពី៣ពាន់ដុល្លារអាមេរិចឡើងទៅដូចនេះជំនួញមួយនេះអាចនឹងធ្វើឲ្យតារាចចម្រៀងរូបនេះមានទុនសរុបច្រើនជាង១លានដុល្លារអាមេរិកឯណោះ ។ ដំណឹងដែលទទួលបានពីភ្នាក់ងារលក់បានលើកឡើងថាក្រៅពីដីនៅតំបន់នេះតារាចម្រៀងរូបនេះក៏ត្រៀមបើកលក់តំបន់ថ្មីមួយផ្សេងទៀតផងដែរ ។
គួរបញ្ជាក់ដែរថា កន្លងមកតារាចម្រៀងព្រាប សុវត្ថិធ្លាប់លេចចេញដំណឹងជាម្ចាស់កម្មសិទ្ធិដីធ្លីមួយចំនួននៅតាមបណ្តាខេត្តនានា ។ នៅភ្នំពេញតារាចម្រៀងរូបនេះក៏មានដីមិនតិចកន្លែងនោះដែរដូចជានៅតំបន់ភ្នំពេញថ្មីជាដើមដែលលេចលឺថាដីនោះលោកត្រៀមបើកដំណើរការជាអាហារដ្ឋានផងដែរ៕ វឌ្ឍនា