ភ្នំពេញ៖ លោកវរសេនីយ៍ទោ សុខ រិទ្ធ អត្តលេខ ២៧៥១៩ ដែលមានតួនាទី ជានាយរងការិយាល័យអន្តរាគមន៍ និងតម្រូតបទបញ្ជា ដ៏មានអំណាច និងឥទ្ធិពលប្រចាំស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ ជាមួយនិងមេធាវីម្នាក់ទៀត ជាដៃគូ ឈ្មោះ ឌុល សុខា មានអត្តលេខ ១០២៩ ត្រូវបានពលរដ្ឋជា សាច់ញាតិរបស់ ក្រឡាបញ្ជីម្នាក់នៅសាលាដំបូងរាជធានីភ្នំពេញ ដាក់ពាក្យប្តឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់។
យោងតាមពាក្យបណ្តឹងដែលត្រូវបាន ក្រុមដើមបណ្តឹងបង្ហោះចូលទំព័រហ្វេសប៊ុក សម្តេច តេជោ នាយករដ្ឋមន្ត្រី និងបានដាក់ទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្តឹងលោក វរសេនីយ៍ទោ សុខ រិទ្ធ ដែលមន្ត្រីភាគច្រើននៅសាលាដំបូងរាជធានីភ្នំពេញ ដាក់រហ័សនាមឲ្យថា ជា “ព្រះរាជអាជ្ញាធំទី២” និងលោក មេធាវី ឌុល សុខា ជាមនុស្សជំនិតលោក សុខ រិទ្ធ ពាក់ព័ន្ធ ករណី ពុករលួយដោយរត់ការសូកប៉ាន់តុលាការ និងជ្រៀតជ្រែកកិច្ចការតុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ ឲ្យដោះលែងជនសង្ស័យក្នុងរឿងព្រហ្មទណ្ឌ។
ពាក្យបណ្តឹងចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានឈ្មោះ តាំង បុប្ផា និងឈ្មោះ តាំង ហុតធី ជាដើមបណ្តឹង បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន សុវណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ អគ្គនាយកមីក្រូហិរញ្ញវត្ថុឈ្មោះ ប្រសិទ្ធ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
នៅពេលសមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យឈ្មោះ ទួន សុវណ្ណា ទៅដល់តុលាការ មានឈ្មោះ ឡេង វណ្ណៈ បានទៅពឹងពាក់មេធាវីម្នាក់ឈ្មោះ សួន ប៊ុនធឿន ឲ្យការពារសិទ្ធិជនសង្ស័យ។
នៅពេលនោះលោកមេធាវី សួន ប៊ុនធឿន បានប្រើលេខទូរស័ព្ទលេខ ០១២ ៤៨៣ ៥៤៦ ខលទៅលេខទូរស័ព្ទលោកមេធាវី ឌុល សុខា លេខ ០៧៦ ៧៧៧ ៤២៨៤ ដើម្បីឲ្យជួយអន្តរាគមន៍ ដោះលែងជនសង្ស័យឈ្មោះ ទួន សុវណ្ណា។
បន្ទាប់មកលោកមេធាវី ឈ្មោះ ឌុល សុខា បាន យកលេខទូរស័ព្ទ ០៧៦ ៧៧៧ ៤២៨៤ ខលទៅលេខទូរស័ព្ទលោកវរសេនីយ៍ទោ សុខ រិទ្ធ មានលេខ ០១២ ៨៧៧ ០១២ ដើម្បីឲ្យ លោក សុខ រិទ្ធ អន្តរាគមន៍ទៅ ព្រះរាជអាជ្ញារងដែលកាន់សំណុំរឿង បញ្ជាឲ្យដោះលែងជនសង្ស័យ ឈ្មោះ ទួន សុវណ្ណា ភ្លាម ដោយមេធាវី ឌុល សុខា សន្យាជូនលុយទៅលោក សុខ រិទ្ធ ចំនួន ៨០០០ដុល្លារ។
ក្រោយពេលបានទទួលដំណឹងពីលោកមេធាវី ឌុល សុខា ជាមនុស្សជំនិតរួចហើយ លោកវរសេនីយ៍ទោ សុខ រិទ្ធ បានយកលេខទូរស័ព្ទ ០១២ ៨៧៧ ០១២ ខលទៅព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងលេខ ១៧១៧ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បញ្ជាឲ្យដោះលែងជនសង្ស័យឈ្មោះ ទួន សុវណ្ណា ភ្លាមៗ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។
បើតាមពាក្យបណ្តឹង ដដែលក៏បានបន្ថែមផងដែរថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ សុខរិទ្ធ និងលោកមេធាវី ឌុល សុខា បានយកលុយចំនួន ៥០០០ដុល្លារ ទៅសូកប៉ាន់លោកព្រះរាជអាជ្ញារង ឡុង ជាប ឲ្យតម្កល់សំណុំរឿងលេខ ៩០០ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ទុកឥតចាត់ការ ថែមទៀតផង។
ដើបណ្តឹង បានសំណូមពរ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស្រាវជ្រាវ និងស៊ើបអង្កេតរឿងនេះឲ្យបានល្អិតល្អន់ ដើម្បីចាប់ជនដែលប្រព្រឹត្តផ្ទុយពីច្បាប់ យកទៅផ្តន្ទាទោសតាមច្បាប់។
បើយោងតាមមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយបានចែងថា បទ សូកប៉ាន់ ត្រូវផ្តន្ទាទោសតាមមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ដោយ បទ សូកប៉ាន់ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ។
ចំណែកមាត្រា ៦០៩ នៃក្រមព្រហ្មទណ្ឌ បទ ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ត្រូវផ្តន្ទាទោសពី ១ឆ្នាំ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល ៕ ស តារា