ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបពីនារី២នាក់មិនបានសម្រេចនៅក្បែរផ្សារម៉ាក្រូ

ចែករំលែក៖

ភ្នំពេញ៖ ចោរ២នាក់ឆក់កាបូបពីនារី២នាក់ជិះម៉ូតូតាមផ្លូវមិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាលហើយជនសង្ស័យបើកម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១០០៣ ត្រង់ចំណុចខាងត្បូងផ្សារទំនើបម៉ាក្រូ ប្រមាណ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួរ អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះជាមួយមីង ស្នាក់នៅក្នុងបុរីពិភពថ្មី ក្បែរនឹងកន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន និងបងស្រីបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FS-8689 ទើបតែចេញមកពីទារលុយគេនៅម្តុំផ្សារបឹងឈូកបំណងធ្វើដំណើរទៅផ្ទះវិញដែលនៅក្បែរកន្លែងកើតហេតុដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយដាក់ចំហៀងខ្លួនបណ្តាលឲ្យដាច់ខ្សែកាបូបតែមិនបានសម្រេច ធ្វើឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាលទាំង២នាក់ ចំណែកជនសង្ស័យទាំង២នាក់បានបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានជូនជនរងគ្រោះត្រឡប់ទៅផ្ទះ៕ ជ្រោយពេជ្រ


ចែករំលែក៖