ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ស្លៀកពាក់ស៊ីវិលពិតជាមានសិទ្ធិចាប់ពលរដ្ឋដាក់ខ្នោះមែនដែរទេ

ចែករំលែក៖

ភ្នំពេញ៖ តាមវីដេអីឃ្លីបដែលមានរយៈពេលជិត១២នាទីបានបង្ហាញពីបុរស២នាក់ក្នុងឯកសណ្ឋានស៊ីវិលតែមានខ្នោះដៃមក ដាក់យុវជនម្នាក់ដោយចោទថាចាប់ពេល កំពុងទិញថ្នាំញៀន ។

តាមឃ្លីបវីដេអូនោះដែរបុរសម្នាក់ក្នុង ចំណោមបុរស២នាក់ដែលអះអាងថា ខ្លួនជាកម្លាំងសមត្ថកិច្ចបានដាក់ខ្នោះយុវជនម្នាក់ទៅក្រោយមិនបានដោះមួកសុវត្ថិភាព របស់ខ្លួនដើម្បីបង្ហាញសាធារណជនឲ្យឃើញនោះទេ ។

បុរស២នាក់ក្នុងឯកសណ្ឋានស៊ីវិល នោះបម្រុងនឹងនាំខ្លួនយុវជននោះចេញតែត្រូវបានឪពុកនិងម្តាយរបស់យុវជននោះ មកទាន់ ហាមឃាត់មិនឲ្យយកកូនរបស់ខ្លួនទៅណានោះទេ ដោយទាមទារឲ្យបុរស២នាក់នោះបង្ហាញពីភស្តុតាងដែលចោទ ប្រកាន់មកលើកូនរបស់ខ្លួន ។

បុរស២នាក់នោះមិនបានបង្ហាញពីភស្តុ តាងដែលចោទប្រកាន់លើយុវជននោះទេ ដោយគ្រាន់តែបញ្ជាក់ថា បានចាប់ខ្លួនពេលកំពុងទិញថ្នាំញៀន។ ភ្លាមនោះឪពុកម្តាយរបស់យុវជនក៏បានចោទជាសំណួរថា បើ ចាប់ពេលទិញថ្នាំញៀនមែន ចុះឯណាអ្នកលក់ថ្នាំញៀនម្តេចមិនចាប់អ្នកលក់បែរជាមកចាប់អ្នកទិញទៅវិញ?

សំណួរនេះបានធ្វើឲ្យបុរស២នាក់ខាងលើគាំងនិយាយអ្វីមិនរួចហើយបានទាញទូរស័ព្ទនិយាយនិងរាយការណ៍ទៅកាន់ មេរបស់ខ្លួនម្តងហើយម្តងទៀតមានរយៈពេលយ៉ាងយូរគួរសមដែរ តែមិនបានឃើញវត្តមានរបស់មេនោះចុះមកទេ ។

សាធារណជនដែលបានឃើញហេតុ ការណ៍នោះក៏ដូចជាឪពុកនិងម្តាយរបស់យុវជនរងការចោទប្រកាន់បានចោទជា សំណួរដដែលៗទៅកាន់បុរសទាំង២ថា បើចោទថា ទិញថ្នាំញៀនចុះឯណាថ្នាំញៀននោះអាចបង្ហាញបានទេ? សំណួរនេះត្រូវ បានលើកហើយលើកទៀតទៅកាន់បុរសម្នាក់ដែលមិនព្រមដោះមួកសុវត្ថិភាពដែលកំពុងមមាញឹកក្នុងការខលទៅកាន់មេ របស់ខ្លួន ។

បុរសដែលពាក់មួកសុវត្ថិភាពក៏បានរូតកាបូបដែលខ្លួនកំពុងស្ពាយឆៀងនឹងខ្លួននោះដោយចង់បញ្ជាក់ថា ថ្នាំញៀននោះនៅ ក្នុងកាបូបរបស់ខ្លួន។ ភ្លាមៗនោះសារធារណ ជនដែលបានឃើញហេតុការណ៍អះអាង ថា បើថ្នាំញៀននៅក្នុងកាបូបរបស់ខ្លួនម្តេចចោទយុវជននោះថាជាអ្នកទិញបាន តើ មានភស្តុតាងដែលយុវជននោះកំពុងទិញថ្នាំញៀនទេ?

សំណួរនេះក៏បានធ្វើឲ្យបុរសម្នាក់ដែលមិនព្រមដោះមួកសុវត្ថិភាពនោះឆ្លើយមិន រួចដែរ ឯថ្នាំញៀនដែលបម្រុងនឹងបង្ហាញ ក៏មិនបានដកចេញមកដែរ។ ពេលនោះ ឪពុកម្តាយរបស់យុវជនបានលើកឡើងថា ថ្នាំញៀនរបស់ខ្លួនឯងសោះបែរជាមក ចោទគេថាអ្នកទិញថ្នាំញៀនទៅវិញ ។

ឪពុក និងម្តាយរបស់យុវជននោះក៏ បានចោទទៅលើបុរសទាំង២នាក់ថាបានប្រើហិង្សាមកលើកូនរបស់ខ្លួនយ៉ាងដំណំព្រមទាំងសម្រាតខោកូនខ្លួនបន្សល់ទុកតែលីអូទៀត។ ពេលនោះម្តាយយុវជននោះក៏បានដកលុយពីហោប៉ៅកូនមកទុក តែត្រូវបុរសម្នាក់ពាក់មួយសុវត្ថិភាពជាប់មិនព្រមដោះនោះទាមទារយកមកថតទុកជាភស្តុ តាងដោយសំអាងថាលុយនោះហើយដែលយុវជននោះទុកទិញថ្នាំញៀនតែត្រូវខាងម្តាយយុវជនបដិសេធ ។

សូមបញ្ជាក់ថា ករណីខាងលើបានកើត ឡើងនៅភូមិវាលមាស ឃុំវាលរេញ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងជាង១រសៀល ហើយមកទល់ពេលនេះមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា សមត្ថកិច្ចបាន ទទួលស្គាល់បុរសទាំង២នាក់ក្នុងសម្លៀកបំពាក់ស៊ីវិលនោះថា ជាក្រុមការងាររបស់ ខ្លួននៅឡើយដែរ។ ឯបុរសទាំង២នាក់ក្នុងសម្លៀកបំពាក់ស៊ីវិលនោះក៏មិនទាន់ឃើញសមត្ថកិច្ចហៅមកសួរនាំនៅឡើយទេ ៕ ហេង នរិន្ទ្រ


ចែករំលែក៖