ខេត្តកណ្ដាលៈ សាកសពស្ដ្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកខាងក្រោមផ្ទះក្បែរកាំជណ្ដើរ ដោយសង្ស័យថា ផឹកស្រាស្រវឹងបណ្ដាលឲ្យលង់ទឹកស្លាប់ ។ ករណីខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាស្គ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកល្វាឯមបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ម៉ន យៀង ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាស្គ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ម៉ៃ រឹម ត្រូវជាម្ដាយក្មេកស្រ្ដីរងគ្រោះបានឲ្យដឹងថា កន្លងមកកូនកូនប្រសាររបស់គាត់ឈ្មោះ ម៉ន យៀង (ស្រ្ដីរងគ្រោះ)ជាមនុស្សតែងតែផឹកស្រាជាប្រចាំ រហូតធ្លាក់ខ្លួនឈឺ និងមិនហូបបាយហូបទឹកនោះទេ ។ លុះមកដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០ ស្រ្ដីរងគ្រោះបានបាត់មិនឃើញនៅផ្ទះនោះទេ ភ្លាមនោះម្ដាយក្មេកស្រ្ដីរងគ្រោះបានដើររក តែរកពុំឃើញនោះទេ រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧ ម្តាយក្មេកស្រ្ដីរងគ្រោះបានដើររកម្ដងទៀតជាមួយអ្នកជិតខាង ក៏ស្រាប់តែប្រទះឃើញសាកសពស្រ្ដីរងគ្រោះនៅក្នុងទឹកអណ្តែតចេញតែដៃមុខកាំជណ្តើរផ្ទះ(ផ្ទះសាងសង់ក្នុងទឹកព្រែក) បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ច ចុះមកធ្វើការពិនិត្យសាកសពស្រ្ដីរងគ្រោះខាងលើ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ស្រ្ដីរងគ្រោះខាងលើគឺពិតជាបានស្លាប៉ដោយសារលង់ទឹកពិតប្រាកដមែន រួចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ