ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំជាមួយផ្គរបណ្ដាលឲ្យរន្ទះបាញ់សម្លាប់គោពលរដ្ឋចំនួនពីរក្បាលនៅស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្ដាល៖ សត្វពាហនៈរបស់ប្រជាពលរដ្ឋចំនួនពីរក្បាលត្រូវរន្ទះបាញ់ បណ្ដាលឲ្យងាប់ ខណៈដែលមេឃកំពុងភ្លៀងលាយឡំជាមួយផ្គររន្ទះ ។ ករណីរន្ទះបាញ់សម្លាប់សត្វគោខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង០២នាទីរសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចព្រះអង្គខ្មៅ ស្ថិតក្នុងភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា សត្វពាហនៈ(សត្វគោ)ដែលត្រូវរន្ទះបាញ់មានចំនួន២ក្បាល ញីមួយក្បាលនិងឈ្មោលមួយក្បាល មានម្ចាស់២នាក់ ទី១-ឈ្មោះ រិន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី២-ឈ្មោះ តូនី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ម្ចាស់គោទាំង២នាក់មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ម្ចាស់គោទាំងពីរ បានចងគោឲ្យស៊ីស្មៅនៅមុខអាស្រមព្រះអង្គខ្មៅ ។ លុះមកដល់ម៉ោងប្រហែល១៦ជាង មេឃមានសភាពងងឹត រហូតធ្លាក់ភ្លៀងមួយមេធំនិងមានផ្គរលាយឡំនិងរន្ទះ ក៏បានបាញ់ទៅលើគោពលរដ្ឋពីរក្បាល បណ្ដាលឲ្យងាប់នៅនឹងកន្លែងកើតហេតុតែម្ដង ៕ ស្អាងជ័យ


ចែករំលែក៖