ភ្នំពេញ៖ ស្ត្រី៣នាក់ត្រូវបានអាជ្ញាធរចុះទៅបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែងខណះប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (យូគី និងឡូតូ)កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទីរសៀលនៅក្នុងបន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ស្រ្តីដែលអាជ្ញាធរឃាត់ខ្លួនខាងលើទី១ឈ្មោះកេត ស្រីចិន អាយុ២៦ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី២ឈ្មោះអឹម អិន អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី៣ឈ្មោះហៀង ពុទ្ធាវី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
អាជ្ញាធរបានប្រាប់ថា ការចុះបង្ក្រាបទីតាំងល្បែងខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណមកអាជ្ញាធរថា មានអ្នកទំនេរអត់ការងារធ្វើបានប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងរាល់ថ្ងៃ ដែលបង្កសម្លេងរំខាន និងបាត់បង់សណ្តាប់ធ្នាប់ក្នុងភូមិទើបអាជ្ញាធរសម្រេចចុះទៅបង្ក្រាប និងឃាត់ខ្លួនបានស្ត្រី៣នាក់ខាងលើជាក់ស្តែងព្រមទាំងដកហូតវត្ថុតាងមួយចំនួនផង ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាក្រោយពីអាជ្ញាធរ សង្កាត់គោកឃ្លាង បានឃាត់ខ្លួនស្ត្រីទាំង៣នាក់យកមកប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចរបស់លោក ហើយបានសំណូមពរឲ្យស្ត្រីទាំង៣នាក់នោះ ធ្វើកិច្ចសន្យាឈប់ឲ្យលេងល្បែងទាំងនេះទៀតហើយក៏អប់រំឲ្យត្រឡប់ទៅផ្ទះវិញ៕ តុង សីហា