ភ្នំពេញ៖ ដំណឹងចេញសែកស្អុយរាប់ម៉ឺនដុល្លារដើម្បីដោះបំណុល របស់អតីតារាសម្តែង អាណូ បានខ្ចរខ្ចាយកាន់តែខ្លាំង ក្រោយពេលហ្វេសប៊ុករបស់តារាសម្តែង សឿ សុធារ៉ា ព្យាយាមបកអាក្រាតមុខមាត់ពិត និងព្រមានចំណាត់ការតាមផ្លូវច្បាប់ ។ ដំណឹងចុងក្រោយ គឺនាងបានព្យាយាមសម្របសម្រួល និងដោះស្រាយដោយសន្តិវិធីមុនពេលចំណាត់ការផ្លូវច្បាប់ណាមួយពីត្រូវបានធ្វើឡើងពីម្ចាស់បំណុល ។
ប្រភពពីអ្នកសិល្បៈលើកឡើងថា អតីតពិធីករ និងជាម្ចាស់ហាងលក់បាយសាច់អាំង អ្នកនាងអាណូ កំពុងរត់ខ្វែងដៃខ្វែងជើងសម្របសម្រួលនឹងម្ចាស់បំណុល ដើម្បីបញ្ចប់ដំណឹងអាស្រូវដ៏ធំមួយនេះ។
ប្រភពពីអ្នកសិល្បៈបានលើកឡើងថា មិនមែនមានត្រឹមតែចេញសែកស្អុយទៅឲ្យប្អូនថ្លៃ អ្នកនាងសឿ សុធារ៉ា ចំនួន៥ម៉ឺនដុល្លារអាមេរិកទេ គឺនៅមានម្ចាស់បំណុលមួយចំនួនទៀតកំពុងតាមកៀកកិតជិត អាណូ ព្រោះតែរឿងបញ្ជាទិញរថយន្តខ្យល់ និងរឿងបំណុលនោះ។ មានការលើកឡើងដែរថា ការដែលជ្រុលផុងខ្លួនជាមួយបំណុលជាច្រើន ព្រោះតែតារាស្រីរូបនេះចាញ់បោកប្រាក់លើមុខជំនួញ ចាប់តាំងពីមុនពេលនាងបង្ហាញមុខក្នុងវិស័យសិល្បៈវិញម្ល៉េះ ទោះជាយ៉ាងណា នាងក៏ព្យាយាមដោះបំណុលបណ្តើរៗ ប៉ុន្តែនៅមិនទាន់ចប់សព្វគ្រប់ប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា អតីតពិធីករប៉ុស្តិ៍លេខ៣ គឺអ្នកនាងវីជេ អាណូ បានប្រកាសចូលសិល្បៈជាថ្មី កាលពីឆ្នាំមុនេះ បន្ទាប់ពីបាត់មុខជិត១០ឆ្នាំ ។ ក្រៅពីប្រកាសវិលរកសិល្បៈជាថ្មីនេះដែរ នាងក៏បានបើកដំណើរការហាងលក់អាហារដ៏ល្បីមួយផងដែរ ។ ទន្ទឹមនឹងភាពល្បីល្បាញ តារាស្រីរូបនេះ ក៏ប្រទះនឹងដំណឹងអាស្រូវជាបន្តបន្ទាប់ទាំងលេចចេញរឿងមានកូនស្រីបីនាក់ និងទាក់ទិនជុំវិញរឿងបញ្ជាទិញរថយន្តខ្យល់ពីបរទេសផងដែរ ៕ វឌ្ឍនា