ភ្នំពេញៈ ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ “ឧត្តមភាពការងារសង្គមទូទៅល្អដាច់គេតំណាងប្រទេសកម្ពុជា” ពីកម្មវិធីប្រគល់រង្វាន់ការងារសង្គមសកលប្រចាំឆ្នាំ២០១៨ លើកទី១០ ដែលជាកម្មវិធីប្រគល់រង្វាន់ការងារសង្គមល្បីបំផុតមួយក្នុងទ្វីបអាស៊ីដែលបានធ្វើឡើងក្នុងពេលថ្មីៗនេះក្នុងទីក្រុង Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី។
ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលកម្មវិធីប្រគល់រង្វាន់ការងារសង្គមសកលនេះទទួលស្គាល់ និងផ្តល់រង្វាន់ដល់ក្រុមហ៊ុនណាដែលមានកម្មវិធីការងារសង្គមឆ្នើមដាច់គេ ការបន្តការងារសង្គម និងការផ្តល់ផលប្រយោជន៍ដល់អ្នក និងសហគមន៍ដែលជួបការលំបាក ព្រមទាំងអភិរក្សបរិស្ថានខណៈកំពុងប្រកបអាជីវកម្មរបស់ខ្លួន។
នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “យើងមានកិត្តិយសដែលបានទទួលពានរង្វាន់នេះ ដែលវាគឺជាស្នាដៃឆ្នើមមួយទៀត នៃការបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ យើងជឿជាក់ថា គន្លឹះដើម្បីទទួលបានឧត្តមភាពការងារសង្គម គឺត្រូវអភិវឌ្ឍយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាព ពោលគឺយកចិត្តទុកដាក់ទៅលើសហគមន៍ បុគ្គលិក ម្ចាស់ភាគហ៊ុន និងប្រទេសកម្ពុជាទាំងមូល”។
រៀបចំដោយក្រុមហ៊ុន Pinnacle Group International ពានរង្វាន់ការងារសង្គមសកលនេះ បានក្លាយជាស្តង់ដារកំពូលរួមមួយនៅក្នុងចំណោមសហគមន៍ជាច្រើន។ ក្នុងចំណោមក្រុមហ៊ុនជាង ៣០០ មានក្រុមហ៊ុនចំនួន ៦០ ប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់លំដាប់កំពូលនេះក្នុងប្រភេទពាន១០ផ្សេងៗគ្នា។
អ្នកដែលប្រគល់ពានរង្វាន់ គឺអ្នកស្រី Kurleni Ukar ដែលជានាយករងនៃនាយកដ្ឋានឧស្សាហកម្ម និងបញ្ញត្តិ នៃក្រសួងទេសចរណ៍នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ពានរង្វាន់នេះ គឺទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ ណាហ្គាវើលដ៍ដែលបានអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកសាងប្រទេសកម្ពុជា។ កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍ ផ្តោតលើសសរស្តម្ភធំៗចំនួន៤ គឺអភិវឌ្ឍវិស័យអប់រំ ចុះជួយតាមសហគមន៍ អភិវឌ្ឍវិស័យកីឡា និងអភិរក្សបរិស្ថាន។
ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយបុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍ បានចូលរួមធ្វើឲ្យបរិយាកាសសិក្សាកាន់តែប្រសើរឡើង និងបានឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សជាង ១៥២.០០០នាក់ នៅតាមសាលារៀនជាង១០០នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។
លើសពីនេះទៅទៀត ណាហ្គាវើលដ៍ បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy ក្នុងឆ្នាំ២០១២ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ចដែលកន្លងមក មជ្ឈមណ្ឌលនេះ បានផ្តល់ផលប្រយោជន៍ដល់យុវជន-យុវនារីកម្ពុជាជាង២.៥០០នាក់។
កម្មវិធីការងារសង្គមដែលកំពុងបន្តផ្សេងទៀត រួមមានការលើកកម្ពស់ការយល់ដឹងស្តីអំពីសុវត្ថិភាពអគ្គិភ័យដល់សិស្សានុសិស្ស ផ្តល់ឱកាសដល់យុវជនកម្ពុជាតាមរយៈក្លិបបាល់ទាត់ណាហ្គាវើលដ៍ និងអភិវឌ្ឍវិស័យកីឡាជាតិតាមរយៈការសហការជាមួយគណកម្មាធិកាជាតិអូឡាំពិកកម្ពុជាក៏ដូចជាលើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថានតាមរយៈយុទ្ធនាការ ៣ R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ)៕ ស តារា