ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានដេកក្នុងរថយន្តទាំងសភាពស្រវឹងស្រាជោកជាំ ដោយមិត្តភ័ក្តិ៣នាក់ទៀតបាននាំគ្នារត់ចោល ខណៈដែលពួកគេបើករថយន្តម៉ាកមេរសឺដេស ស៊េរីទំនើបមួយគ្រឿង រេចង្កូតទៅបុករះរថយន្ត២គ្រឿងទៀតចតស្ងៀមមុខហាង បណ្តាលឲ្យរងកាតខូចខាតទាំងសងខាងយ៉ាងដំណំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ហាងពិភពសាច់អាំង១ តាមបណ្តោយផ្លូវ៥៩០ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន៣ទៅ៤នាក់រួមដំណើរជាមួយនិងស្ត្រីខ្មែរម្នាក់ទៀត ក្នុងសភាពស្រវឹងស្រាជោកជាំ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកមេរសឺដេសML 500 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-2182 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្ត១គ្រឿងម៉ាកតូយ៉ូតាថៃហ្គ័រ(ប្រភេទពីបាំងកន្លះ) ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-0314 ម្ចាស់ចតស្ងៀមបញ្ចា្រសទិសដៅគ្នាពីលិចទៅកើត បណ្តាលឲ្យបែកស្តុបខាងក្រោយផ្នែកខាងស្តាំម្ខាង និងបាក់កាង ហើយរថយន្តបង្កបានរេចង្កូតមកខាងស្តាំដៃវិញជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក អូឌី Q7 ដែលចតស្ងៀមស្របទិសដៅគ្នាពីកើតទៅលិច មិនស្លាកលេខ ។
ភ្លាមៗនោះខាងម្ចាស់រថយន្តអូឌីឃើញហេតុការណ៍នេះបាននាំគ្នាចេញពីក្នុងហាង និងឃាត់រថយន្តបង្កបានភ្លាមៗ ដោយខាងភាគីម្ចាស់រថយន្តបង្កបានចេញមកសម្របសម្រួលខាងម្ចាស់រថយន្តអូឌីដោយចេញសំណងចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿង ។ ក្រោយពីម្ចាស់រថយន្តអូឌី បានទទួលសំណងរួចក៏បើករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ ។ ចំណែកខាងម្ចាស់រថយន្តបង្កនិងអ្នក រួមដំណើរខ្លះទៀតបានគេចចេញពីកន្លែងហេតុអស់ បន្សល់ទុកបុរសជនជាតិចិនម្នាក់ដេកលក់ក្នុងរថយន្តធ្វើព្រងើយ មិនព្រមធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តម៉ាក តូយ៉ូតាថៃហ្គ័ ទើបម្ចាស់រថយន្តបានទំនាក់ទំនងទៅសមត្ថកិច្ចចុះជួយអន្តរាគមន៍តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ហើយទំនងជាខាងម្ចាស់ហាងពិភពសាច់អាំង១ មិនចង់ឲ្យមានរឿងរញ៉េរញ៉ៃ ក៏ចេញមុខមកធានាខុសត្រូវ ដោយចេញសំណងឲ្យខាងម្ចាស់រថយន្តម៉ាកថៃហ្គ័រចំនួន២០០ដុល្លារដើម្បីចញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ស តារា