ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បើករថយន្ត១គ្រឿងរេចង្កូតទៅបុកខឿនសួនក្ដាន់ពីរ និងដើមឈើមួយដើមទៀត ខូចខាតរថយន្តយ៉ាងដំណំ តែសំណាងមិនមានមនុស្សរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ១៦៩ ចំណុចក្រសួងអភិវឌ្ឍជនបទ ជិតសួនក្តាន់ពី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត១គ្រឿង ម៉ាកកាមបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2U-6717 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយមានអ្នកដំណើរប្រុសស្រី៣នាក់។ ខណ:មកដល់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបររថយន្តស្រវឹងស្រាខ្លាំងពេក ស្រាប់តែរេចង្កូតទៅបុកខឿនសួនច្បារក្ដាន់ពីរ និងបុកបង់ថ្មសម្រាប់អង្គុយលេង រួចបន្តទៅបុកដើមឈើមួយដើមទៀត កល់ជាប់ទៅមុខលែងរួចបណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ។ តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញឲ្យចុះមកវាស់វែង រួចអូសយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី រង់ចាំដោះស្រាយនៅពេលក្រោយ៕ ស រស្មី