ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ខណៈដែលប្តីប្រពន្ធ២នាក់ បើកម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៀតបុកគ្នាយ៉ាងពេញទំហឹងតែម្តង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធ២នាក់ ជិះម៉ូតូមួយគ្រឿងហុងដាវ៉េវ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CF-9372 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់កើតហេតុ ក៏បានបត់ឆ្វេងដៃដើម្បីឆ្លងផ្លូវ ខណៈនោះស្រាប់តែមានបុរសម្នាក់ បើកម៉ូតូមួយគ្រឿងទៀតម៉ាកCBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CU-1372 ក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងយ៉ាងលឿន នឹងចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូវ៉េវ ពេញទំហឹងបណ្តាលឲ្យស្ត្រីជាប្រពន្ធធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។ ចំណែកប្តីនិងបុរសជាម្ចាស់ម៉ូតូCBRរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុនឹងទំនាក់ទំនងជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាទៅតាមក្រោយ ៕ ស តារា


ចែករំលែក៖