ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២នាក់ បើកម៉ូតូលឿនមិនប្រយ័ត្នបុករថយន្តមួយគ្រឿង ដាច់កង់ម៉ូតូខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចផ្លូវបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តម៉ាកហាយឡាក់វីហ្គូមួយគ្រឿង ចំចំហៀងខាងឆ្វេងផ្នែកខាងក្រោយនៃរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងការពីវេលាម៉ោង១០យប់ ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ សម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ ទើបនឹងចេញពីផឹកស៊ីនៅហាងមួយកន្លែង ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GO-3482 បើកតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡាក់វីហ្គូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-7967 បើកតាមបណ្តោយផ្លូវសម្ដេចសុធារស ក្នុងទិសដៅពីត្បូងទៅជើង បើកឆ្លងផ្លូវមិនទាន់ផុតផង ស្រាប់តែត្រូវម៉ូតូយុវជន២នាក់នោះ បើកបុកចំចំហៀងខាងឆ្វេងខាងក្រោយរថយន្តបណ្តាលឲ្យរងការខូចខាតកំពិត ។ រីឯម៉ូតូវិញបាក់កាំកង់ខាងមុខខ្ទេចយ៉ាងដំណំទៅមុខលែងរួច តែសំណាងល្អយុវជនទាំង២នាក់នោះរងរបួសស្រាល ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងក៏ព្រមសម្របសម្រួលគ្នាភាគីខាងម៉ូតូព្រមយករថយន្តទៅជួសជុលឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងតែម្តង ៕ស រស្មី


ចែករំលែក៖