ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រយត្ន័ឆ្លងផ្លូវជ្រុលទៅបុករថយន្តបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ២នាក់នៅលើផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ថន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិកអែកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ខណៈ ដែលជិះម៉ូតូ១គ្រឿងលឿនមិនប្រយត្ន័ឆ្លងផ្លូវជ្រុលទៅបុករថយន្តមួយគ្រឿងពាក់ស្លាកលេខខេរភូមិន្ទ ពណ៌ត្រីអ៊ីមួយគ្រឿងកំពុងតែបើកលើផ្លូវជាតិលេខ៤ពេញទំហឹង កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចមុខស្ថានីយប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៦ទៅលេខ៤៧ ក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីនគរបាលជំនាញចរាចរណ៍ខេត្តបាននិយាយឲ្យដឹងថានៅមុនពេលកើតហេតុគេបាលឃើញយុវជនម្នាក់បានជិះម៉ូតូ១គ្រឿងឌុបស្ត្រីម្នាក់ម៉ូតូគូបជ្រុង(ស៊េរីចាស់) សេ៩០ ពណ៌ទឹកប៊ិច អត់មានស្លាកលេខនោះទេ បានធ្វើដំណើរឆ្លងផ្លូវពីទិសខាងត្បូង ឆ្លងទៅទិសខាងជើង ដែលអ្នកបើកត្រូវបានគេស្គាល់ឈ្មោះ សុខ វឿនភេទប្រុសអាយុ១៩ឆ្នាំជាសិស្ស រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឧរ៉ាល់( របួសធ្ងន់) ឌុបស្ត្រីម្នាក់ពីក្រោយមានឈ្មោះសុខ ធា អាយុជាង៣០ឆ្នាំមុខរបរកសិកររស់នៅភូមិជាមួយគ្នា(របួសធ្ងន់ធ្ងរ)ថែមទៀតផង ។

នគរបាលដដែលបានបន្តទៀតថា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿង ដែលគេដឹងថាជារថយន្តរបស់យោធាផលិតនៅប្រទេស(កូរ៉េ)ពណ៌ត្រីអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ 02 2-9114 ដែលកំពុងតែបើកបរលើផ្លូវជាតិលេខ៤ ដែលក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច ដែលអ្នកបើកបរមានឈ្មោះ កែវ បញ្ញា ភេទប្រុសអាយុ២០ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិតាកេ្តរ៏ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យយុវជន និងស្ត្រីរួមដំណើរពីក្រោយរងរបួសរណូករណែលកណ្តាលផ្លូវជាតិលេខ៤ ក៏មានការភ្ញាក់ផ្អើលអ្នកធ្វើដំណើរចោមរោមមើល និងទូរសព្ទ័ទៅនគរបាលមូលដ្ឋាន និងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយមកនគរបាលជំនាញបានវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយនៅពេលក្រោយ ។ អ្វី ដែលធ្វើឲ្យប្រជាពលរដ្ឋមានការហួសចិត្តនោះគឺមានបុរសម្នាក់ ដែលទំនងជាមន្ត្រីយោធា ដែលរួមដំណើរក្នុងរថយន្តពាក់ស្លាកលេខខេរភូមិន្ទនោះមានអាយុជាង៤០ឆ្នាំ បានចុះមកនិយាយថា ប្រសិនបើយុវជន និងស្ត្រីទាំង០២នាក់នោះមិនមានរងរបួសរូបគាត់ និងទៅទះកំភ្លៀងជាក់ជាមិនខានដើម្បីជាការព្រមានថ្ងៃក្រោយកុំឲ្យជិះម៉ូតូបែបនេះទៀត ។

ប្រជាពលរដ្ឋបានបន្ថែមថា ទំនងបុរសខាងលើជាមន្ត្រីយោធានៅអង្គភាពណាមួយហើយ មានបុណ្យសក្តិធំដុំទៀត ទើបហ៊ាននិយាយគំរាម និងប្រមាថដល់យុវជន និងស្ត្រីរងគ្រោះ ដែលជាអ្នកក្រីក្រ និងរស់នៅតាមចុងកាត់មាត់ញកនោះ ។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានជំនាញដឹកយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយទៀត ៕ សេនា សក្តិ


ចែករំលែក៖