ព័ត៌មានទាន់ហេតុការណ៍៖

ដឹងពីទឹកចិត្តដួង ម៉ានិច ច្បាស់ចំពោះគ្រួសារក្រោយប្រកាសបើកហាងថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ដួង ម៉ានិច បានសម្រេចចិត្តទិញផ្ទះ៣កន្លែងផ្សេងគ្នាដើម្បីជាជម្រកសម្រាប់ក្រុមគ្រួសារមកពីខេត្តបន្ទាយមានជ័យ ។ ស្រាប់តែពេលនេះនាងបានបោះទុនបើកមុខជំនួញហាងផឹកស៊ីធំល្មមមួយបន្ថែមទៀត ដែលនាងថាមុខជំនួញនេះមិនមែនសម្រាប់តែនាងទេគឺសម្រាប់សមាជិកក្រុមគ្រួសារនាងទាំងមូលតែម្តង ។

ប៉ុន្មានខែមុននេះដួង ម៉ានិចទើបនឹងរៀបចំពិធីឡើងគេហដ្ឋានថ្មីប្រណីតនៅបុរីប៉េងហួតបឹងស្នោរ ជាមួយនឹងការកោតសរសើរខ្លាំងពីអ្នករួមអាជីពស្របពេលដែលសន្ទុះការងារសិល្បៈកាន់តែលេចធ្លោរខ្លាំង ។ នាងក៏ទើបនឹងសម្រេចចិត្តទិញផ្ទះពីរល្វែងថ្មីបន្ថែមទៀតដើម្បីឲ្យម្តាយ និងបងស្រីនាងស្នាក់នៅផងដែរ ។

ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងបង្កើតមុខរបរសម្រាប់បងប្អូននាងក៏បានបើកដំណើរការហាងថ្មីរបស់នាងយីហោ “តារារីករាយ”នៅJet Cambodia ដែលថ្ងៃបើកដំណើរការដំបូងគឺនៅរាត្រីថ្ងៃទី០៧ ខែ មិថុនានេះ ។ តារាស្រីរូបនេះបញ្ជាក់ថា សមាជិកក្រុមគ្រួសារនាងទាំងមូលមានជំនាញក្នុងការធ្វើម្ហូបគ្រប់គ្រា ពិសេសបងស្រីនាងដែលកន្លងមកចេះធ្វើអាហារលក់នៅតំបន់ព្រំដែនកម្ពុជាថៃជាច្រើនឆ្នាំផងដែរ ។ នាងថាដើម្បីបានរស់ជុំគ្នានៅភ្នំពេញនាងបានជំរុញឲ្យបងស្រីមករស់នៅភ្នំពេញដោយប្រកបរបរថ្មី ដែលហាងថ្មីរបស់នាងគឺ៤តូបតែម្តង ។

នាងបញ្ជាក់ដែរថា ទុនចំណាយដែលនាងដាក់ដំបូងគឺប្រមាណជិត១ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ។ នាងមានជំនឿជាក់លើស្នាដៃធ្វើម្ហូបរបស់បងស្រីពិសេសផ្នែកគ្រឿងក្លែម ភ្លា បុកល្ហុង ជាដើមទើបសម្រេចចិត្តបើកដំណើរការ ហាងនេះដោយមិនរុញរា ។

តារាស្រីរូបនេះបញ្ជាក់ថាពេលនេះហាងកំពុងរៀបចំតុបងតែងហើយនឹងបើកដំណើរចាប់ពីថ្ងៃទី២ខែមិថុនានេះតទៅដែលថ្ងៃដំបូងនាងអាចនឹងមានពិធីតាមទំនៀមទម្លាប់ខ្លះ និងការជួបជុំមិត្តភ័ក្កិជាអ្នកសិល្បៈជិតដិតមួយចំនួនដែរ ។ នាងថាអាចនឹងឆ្លៀតពេលទំនេរពីការសម្តែងដើម្បីជួយមើលការខុសត្រូវខ្លះ ហើយប្រសិនបើដំណើរការបានរលូន និងមានចំណូលសមរម្យនាងនឹងប្រគល់ហាងនេះទៅឲ្យបងស្រីគ្រប់គ្រងតែម្តង ។

ដួង ម៉ានិចបញ្ជាក់ដែរថា ទាំងផ្ទះដែលនាងទិញសម្រាប់ម្តាយ និងបងប្អូន បូករួមទាំងមុខរបរដែលនាងបានជំរុញចេញទុនបង្កើតនេះក៏ព្រោះតែចង់ធ្វើរឿងល្អខ្លះៗសម្រាប់ក្រុមគ្រួសារមុនពេលនាងមានគ្រួសារ និងស្របពេលដែលនាងនៅមានលទ្ធភាពគ្រប់គ្រាន់ ។

ថ្ងៃប្រកាសបើកដំណឹរការហាងថ្មីរបស់នាងមិនមានវត្តមានសិល្បករច្រើនចូលរួមនោះទេព្រោះតែនាងខ្លាចរំខានការងារសិល្បៈរបស់ពួកគេ ប៉ុន្តែក៏មានផលិតករ សិល្បករ និងអ្នកគាំទ្រនាងមួយចំនួនមកចូលរួមគាំទ្រហាងថ្មីនេះផងដែរ៕ វឌ្ឍនា


ចែករំលែក៖