ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯក Miss Global Cambodia ច្រានចោលដំណឹងថតភាពយន្ត

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងចាកធ្វើដំណើរចាកចេញពីកម្ពុជាវិលទៅសហរដ្ឋអាមេរិកមិនបានប៉ុន្មានផង ស្រាប់តែលេចចេញដំណឹងពីផលិតករម្នាក់ថា កញ្ញាឯកកម្ពុជា Miss Global Cambodia កញ្ញា យស ប៉ូលីណានឹងវិលមកថតភាពយន្តខ្នាតខ្លីមួយនៅកម្ពុជានៅពេលខាងមុខ។ ដំណឹងនេះ បានធ្វើឲ្យកញ្ញាប្រតិកម្មពីសហរដ្ឋអាមេរិកមកវិញថា ជារឿងមិនពិតទៅវិញ។

បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះ ផ្សាយថា Miss Global Cambodia 2017 កញ្ញា យស ប៉ូលីណាត្រៀមមកទទួលថតភាពយន្ត រឿង “មេរ៉ា” នៅកម្ពុជា ក្រោមការរៀបចំដឹកនាំ ដោយការដឹកនាំសម្តែង និងរៀបចំដោយ ផលិតករឯករាជ្យ លោក ហួ រ៉េមី ។ មិនបានប៉ុន្មានម៉ោងផងស្រាប់តែសាម៉ីខ្លួន កញ្ញា យស ប៉ូលីណា បានបកស្រាយការពិត និងបដិសេធថា កញ្ញាមិនបានទទួលថតកុនមួយនេះ ឬត្រៀមមកកម្ពុជាថតកុនអ្វីឡើយ។

Miss Global Cambodia ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា កញ្ញា យស ប៉ូលីណា បានបង្ហាញវីដេអូ ខ្លីមានរយៈពេលជិតមួយនាទី បកស្រាយឆ្លើយតបទៅ និងការចុះផ្សាយព័ត៌មានដែល លោក រ៉េមី និយាយគ្មានការពិតថា “ខ្ញុំចង់បកស្រាយឲ្យអ្នកទាំងអស់គ្នាដឹង ខ្ញុំអត់បានចូលរួមថតកុន របស់លោក រ៉េមី ទេ និងដើរតួឯកក្នុងរឿង “មេរ៉ា” ខ្ញុំបានឃើញសារព័ត៌មានកម្ពុជាចុះផ្សាយថា ខ្ញុំទទួលថតរឿងនេះ ពោលគឺខ្ញុំមិនបានដឹងពីរឿងនេះទេ គឺលោក រ៉េមី ធ្វើខ្លួនឯងយាយខ្លួនឯង”។

Miss Global Cambodia រូបនេះបាននិយាយទៀតថា ” ពេលឃើញរឿងនេះ ខ្ញុំបានទាក់ទងទៅ រ៉េមី ផ្ទាល់ ដោយបដិសេធមិនទទួលតែម្តង នៅការផ្សាយព័ត៌មានបែបនេះ ហើយលោក រ៉េមី ទទួលយល់ពីរឿងដែលខ្ញុំនិយាយខ្ញុំពិតមិនសប្បាយចិត្តចំពោះ អ្នកដែលសរសេរពីខ្ញុំបែបនេះទេ។ សុំឲ្យកែប្រែព័ត៌មាននេះ និងចុះផ្សាយការបកស្រាយរបស់ ខ្ញុំវិញផង ហើយមួយទៀតខ្ញុំសុំប្រកាសថា មិនទទួលស្គាល់ពីបញ្ហានានាដែល លោក រ៉េមី ទៅទាក់ទងជាមួយអ្នកផ្សេង ដោយយកឈ្មោះខ្ញុំ ទៅលាបពណ៌នោះទេ”។

គួរបញ្ជាក់ដែរថាកន្លងទៅថ្មីៗនេះ Miss Global Cambodia 2017 កញ្ញា យស ប៉ូលីណា មកដល់កម្ពុជាជាលើកទី២ដោយនាងបានបង្ហាញសកម្មភាពសង្គមជាច្រើនផ្នែកមនុស្សធម៌ និងផ្នែកបរិស្ថានធ្វើឲ្យចាប់អារម្មណ៍ខ្លាំងពីសកម្មភាពទាំងនោះ៕ វឌ្ឍនា


ចែករំលែក៖