ភ្នំពេញ៖ រថយន្តមួយគ្រឿង បើកយ៉ាងលឿន ដល់ចំណុចផ្លូវបែកជាបួនបានជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្ត្រីម្នាក់រងបួសធ្ងន់ ហើយរថយន្តបង្កបើករត់គេចខ្លួនបាត់បន្សល់ទុកតែស្លាកលេខនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១៨២ កែង និងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពាក់ស្លាកលេខ ភ្នំពេញ2V-2217 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបែកជាបួន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GS-7748 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹងបណ្តាលឲ្យម៉ូតូ និងជនងគ្រោះខ្ទាតចេញប្រមាណជាង៥ម៉ែត្រ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយជ្រុះស្លាកលេខនៅនឹងកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានមកចុះមកដល់កន្លែងកើតហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំសាច់ញាតិមកទទួលត្រឡប់យកទៅផ្ទះវិញ ៕ ជ្រោយពេជ្រ