ខេត្តព្រះវិហារៈ ស្ពានបេតុង១កន្លែងមាន ប្រវែងបណ្តោយ៣៦ម៉ែត្រ ឆ្លងកាត់ស្ទឹង ដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ផ្តល់តាមរយៈក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ តាមការស្នើ សុំរបស់ប្រជាពលរដ្ឋនោះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ បន្ទាប់ពីបានចំណាយពេលសាងសង់ជិតមួយឆ្នាំទើបសម្រេចជាស្ថាពរ ។
ពិធីសម្ពោធស្ពានបេតុងមួយកន្លែងនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្ត្រីរាជការ ប្រជា ពលរដ្ឋក្នុងខេត្ត ព្រវិហារជាច្រើននាក់ទៀត ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ប្រជាជនរស់នៅក្នុងស្រុកជ័យសែន មានភ័ព្វសំណាងបំផុត ដែលទទួលបាននូវសមិទ្ធិផលជាស្ពាន ផ្លូវ និងសមិទ្ធិផលជាច្រើនទៀត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សា ប្រើប្រាស់ឲ្យបានយូរអង្វែង។
នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ នាឱកាសនោះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និង បោះឆ្នោតជូនគណបកហសប្រជាជនកម្ពុជា មានលេខរៀងទី២០ ងាយចំណាំនៅជួរក្រោមគេទាំងអស់ ដែលមានសញ្ញារូបទេវតាបាចផ្កា ជាសម្គាល់៕ ប្រាថ្នា