ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចេញជា​លាយលក្ខណ៍អក្សរ​ឲ្យសមត្ថកិច្ច​ពាក់​ព័​ន្ធ​បិទ​ច្រករបៀង​ទាំងអស់​នៅ​តាម​ព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​​ជា​លាយលក្ខណ៍អក្សរ​ ​បញ្ជា​ដល់​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​បិទ​ច្រករបៀង​ទាំងអស់​ដែល​មាននៅ​តាម​ព្រំដែន ។

​សេចក្តីណែនាំ​ស្តី​ពី​ការ​ពង្រឹង​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន ដែល​ចុះហត្ថលេខា​ដោយ​សម្តេចក្រឡាហោម ស ខេ​ង កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​ពន្យល់​ថា ការ​លុប​បំបាត់​ច្រករបៀង​គឺ​ដើម្បី​ទប់ស្កាត់​ការ​ចេញចូល​ខុសច្បាប់ ក៏៏ដូច​ជា​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ទៀត​នៅ​តាម​ព្រំដែន ។

នៅ​ក្នុង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ដដែល ក៏បាន​ស្នើ​ដល់​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក​អន្តោប្រវេសន៍ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​នៅ​តាម​ព្រំដែន ឲ្យ​បន្ត​ស្ថិត​នៅ​នៅ​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ ដោយ​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​ព្រំដែន តាម​រយៈ​ការ​បង្កើន​វិធានការ ការ​ប្រមែប្រមូល​ព័ត៌មាន​ជា​ប្រចាំ ដើម្បី​មាន​វិធា​នា​ការ​ទាន់​ពេល​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព ជា​ពិសេស​បទល្មើស​ឆ្លង​ដែន​ដូច​ជា​៖ អំពើ​ភេរវកម្ម ការ​ជួញដូរ​ដឹក​ជញ្ជូន​អាវុធ​គ្រឿងផ្ទុះ ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ការ​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​ការ​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​ខុសច្បាប់​។​ល​។ ។ ជាមួយ​គ្នា​នោះ ត្រូវ​សហការ​ជាមួយ​ម្ចាស់ ឬ អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស សិប្បកម្ម កសិដ្ឋាន និង​វិស័យ​ឯកជន ដើម្បី​ធ្វើការ​គ្រប់គ្រង​និង​អប់រំ​និយោជិត បុគ្គលិក កម្មករ ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ច្បាប់ បទ​ប្បញ្ញត្តិ​ព្រំដែន របៀបរបប​ចេញចូល​ប្រទេស និង​មិន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ខុសច្បាប់ ។ ត្រូវ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ការ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​សមត្ថភាព​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​។

ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ស្របច្បាប់ ដើម្បី​ប្រកប​មុខរបរ​ប្រចាំ​ថ្ងៃ ទេសចរណ៍ ពាណិជ្ជកម្ម ឬ​មានធុរៈ​ចាំបាច់​ផ្សេង​ៗ ។

ត្រូវ​បង្កើន​កិច្ចសហការ​ឲ្យ​កាន់តែ​បាន​ជិត​ស្និ​ទ្ឋ​ជាមួយ​សម​ភាគី​នៃ​ប្រទេស​ជាប់​ព្រំដែន ដោយ​យកចិត្តទុកដាក់​ជំរុញ​យន្តការ​ដែល​បាន​ចាត់តាំង​កន្លង​មក ឲ្យ​បំពេញភារកិច្ច​បាន​សកម្ម​ក្លៀវក្លា ពង្រឹង​របប​ប្រជុំ​យន្តការ​ព្រំដែន​គ្រប់​ថ្នាក់​ដែល​មាន​គោលការណ៍​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ផ្លាស់​ប្តូរ​សភាពការណ៍ និង​រឹតចំណង​មិត្តភាព​សហប្រតិបត្តិការ​បាន​ស្អិតរ​មួ​ត​ជាមួយ​គ្នា ជាមួយ​គ្នា​នោះ​ក៏​ត្រូវ​រៀប​ចំនូ​វប្រ​ព័​ន្ឋ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ដើម្បី​សហការ​ដោះស្រាយ​កិច្ចការ​បន្ទាន់ ។

ត្រូវ​រៀបចំ​យន្តការ​ដឹកនាំ ត្រួតពិនិត្យ​និង​របៀបរបប​រាយការណ៍ សំដៅ​ធានា​ប្រ​សិ​ទ្ឋ​ភាព​រាល់​វិធានការ​ដែល​បាន​ដាក់​ចេញ ដោយ​ត្រូវ​ចាត់​ឲ្យ​មាន​មន្ត្រី​ទទួល​បន្ទុក​តាមដាន​កិច្ចការ​ច្បាស់លាស់ មាន​វិធី​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ដើម្បី​ក្រើន​រំ​ឮ​ក កែ​លំអ ឬ លើកទឹកចិត្ត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​តាម​ព្រំដែន និង​ក្តាប់​បាន​អំពី​ស្ថានភាព​ប្រែប្រួល​ជាក់ស្តែង​តាម​បណ្តោយ​ព្រំដែន ។ ត្រូវ​មាន​របាយការណ៍​ប្រចាំខែ​ផ្ញើ​មក​ក្រសួងមហាផ្ទៃ និង​ត្រូវ​រាយការណ៍​បន្ទាន់ ដើម្បី​មាន​វិធានការ​ដឹកនាំ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​ចាំបាច់ ៕


ចែករំលែក៖