ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ខ្លួនបានរកឃើញថា វិសម្ពាធដែលបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង បានវិវត្តខ្លួនទៅជាកូនព្យុះទី៤ ឈ្មោះ អ៊ីវីនណៀ (EWINIAR) និងកំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិន។
យោងតាមការព្យាករ កូនព្យុះអ៊ីវីនណៀ នឹងថយឥទ្ធិពលមកជាវិសម្ពាធ និងជាសម្ពាធទាបនៅថ្ងៃទី៨ មិថុនា នេះ ហើយជាមួយគ្នាវិសម្ពាធថ្មីមួយទៀត ដែលបានកើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន ក៏នឹងវិវត្តទៅជាព្យុះទី៥ផងដែរ។
ក្រសួងបានបញ្ជាក់ថា ឥទ្ធិពលរបស់បាតុភូតធម្មជាតិខាងលើ នឹងធ្វើឲ្យខេត្តចំនួន២នៅជាប់មាត់សមុទ្រ មាន ខេត្តកោះកុង និងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ មិថុនា ដោយផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។
ដោយឡែកបណ្តារាជធានី-ខេត្តដទៃទៀត នឹងមានរបាយទឹកភ្លៀងថយចុះ ពិសេសរាជធានីភ្នំពេញ ខេត្តកំពត តាកែវ កំពង់ស្ពឺ និងខេត្តកណ្តាល អាចនឹងមានភ្លៀងធ្លាក់តិចតួច។
ក្រសួងស្នើដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕