ខេត្តបាត់ដំបង៖ មន្រ្តីសាខាកាំកុងត្រូល បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នាព្រឹក ថ្ងៃ សុក្រ ១០ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ ដោយបានរកឃើញទំនិញខូចគុណភាពចម្រុះចំនួន ៦៧គីឡូក្រាម ដែលបានដាក់លក់ នៅក្នុងផ្សារស្រុកថ្មគោល ខេត្តបាត់ដំបង យកមករក្សាទុករង់ចាំដុតកម្ទេចចោល។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់នៅផ្សារថ្មគោល និងផ្សារទំនើប TK ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាព ចម្រុះប្រមាណចំនួន៦៧គីឡូក្រាម យកមករក្សាទុកនៅសាខាខេត្ត ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា «ទោះជាអាជីវករមួយចំនួន នៅមិនទាន់យល់ពីផលប៉ះពាល់សុខភាព ដោយនៅតែដាក់តាំងលក់ទំនិញរបស់ខ្លួន មានការហួសកាលបរិច្ឆេទកំណត់យ៉ាងណាក៏ដោយ មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ និងធ្វើការណែនាំពីផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ជាប្រចាំ ម្យ៉ាងវិញទៀតអ្នកលួចនាំចូលទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដទៃ ដូច្នេះសមត្ថកិច្ចជំនាញតែងតែ ទប់ស្កាត់ឲ្យបាន»។
យ៉ាងណាមន្រ្តីជំនាញរបស់លោកនៅបន្តអប់រំ ផ្សព្វផ្សាយ ដោយផ្ទាល់ និងតាមរយៈការបិទផ្សាយរូបភាព ជាបន្តទៀតដើម្បីឲ្យអ្នកលក់ និងអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ ពីការប៉ះពាល់សុខភាពមកលើអ្នកបរិភោគទាំងអស់គ្នា៕ ប្រាថ្នា