ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចកងរាជអាវុធហត្ថទាំងយប់ ខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៊ីយ៉ានដាយដឹកកម្មករបើកមិនប្រកាន់ស្ដាំមួយគ្រឿងបុកជាមួយរថយន្តកុងតឺន័របញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ និងបណ្ដាលឲ្យរថយន្តហ៊ីយ៉ានដាយធ្លាក់ចូលទឹកទន្លេវៃគោត្រូវបានកងរាជអាវុធហត្ថខេត្ត និងសមត្ថកិច្ចប្រចាំការក្បែរនោះនាំគ្នាជួយសង្គ្រោះទាញបុរសម្នាក់ចេញពីក្នុងរថយន្ត បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដោយរងរបួសបាក់ជើងធ្ងន់ ។
ហេតុការណ៍គួរឲ្យរន្ទត់នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១០យប់លើផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិ ឡ សង្កាត់ ពោតិតាហោ ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលរងរបួសធ្ងន់បើកបររថយន្តម៉ាក្ស ហ៊ីហិនដាយដឹកកម្មករ ពណ៌ ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ3A7859មានឈ្មោះកើត ស៊ីណូអាយុ ៣០ឆ្នាំ មុខរបរអ្នកបើករថយន្តរស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ចំណែកភាគីម្ខាងទៀតរថយន្តម៉ាកកុងតឺន័រ ពណ៌រមៀត ស្លាកលេខភ្នំពេញ 3C.6384ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនភ្លាមៗមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយដឹកកម្មករ ពណ៌ ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ3A7859ដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិចមិនប្រកាន់ស្ដាំស្រាប់តែទៅបុក និងរថយន្តកុងតឺន័រមួយគ្រឿងបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឲ្យរថយន្តហ៊ីយ៉ានដាយធ្លាក់ផ្អៀងចូលទឹកទន្លេរវៃគោផ្អើលអ្នកភូមិព្រមទាំងរាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងសមត្ថកិច្ចដែលប្រចាំការនាំគ្នាដឹកនាំកម្លាំងជួយសង្គ្រោះមនុស្សចេញពីក្នុងរថយន្តដែលធ្លាក់ប្រមាណជិតមួយម៉ោងទើបទាញចេញ និងដឹកមកកាន់មន្ទីរពេទ្យភ្លាមៗ ។
តាមអ្នកភូមិបានឲ្យដឹងថា នេះពិតជាសំណាងអាយុនៅថ្លៃ ដោយត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល ចេញពីក្នុងរថយន្តដែលធ្លាក់ផ្អៀងចូលទឹកទន្លេវៃគោ ដោយគ្រាន់តែរងរបួសបាក់ជើងប៉ុណ្ណោះ ។
ចំណែកមធ្យោបាយរថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ខេត្តស្វាយរៀងដើម្បីដោះស្រាយនៅពេលក្រោយ ៕ យឹម សុថាន