ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកសាំយ៉ុងបុកម៉ូតូម៉ាកសង់កូរ៉េរបួស៣នាក់ បើករត់គេចបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន ៣នាក់បានរងរបួសយ៉ាងដំណំ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តម៉ាក សាំយ៉ុង ក្រោយកើតហេតុអ្នកបើកបររថយន្តបានបង្កបន្ថែមល្បឿនគេចបាត់ស្រម៉ោល។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៧ និង១០នាទី យប់ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៨-១៥៩ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូ ១គ្រឿងម៉ាក សង់កូរ៉េ ពណ៏ក្រហម ពាក់ស្លាកលេខ ក 4805 ពស ធ្វើដំណើររួមគ្នាចំនួន ៣នាក់ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក សាំយ៉ុង ១គ្រឿងបុកពេញទំហឹង នៅគ្រាដែលកំធ្វើចរាចរណ៍ស្របទិសគ្នាបណ្ដាលឲ្យរងរបួសរដូករណេលតែម្ដង រថយន្តបង្កឃើញហេតុការណ៍បែបនេះក៍បន្ថែមល្បឿនទៅមុខបាត់ស្រម៉ោល។

ក្នុងហេតុការណ៍ដដែលបន្តទៀតថា ជនរងរបួសទី១ ឈ្មោះ លាង ជីលាស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ(របួសស្រាល)(អ្នកបើកបរម៉ូតូ)ទី២ ឈ្មោះ ស វិសាល ភេទប្រុស (របួសធ្ងន់) និងទី៣ ឈ្មោះ លាង សុីន ភេទប្រុស (របួសធ្ងន់) អ្នករងរបួសធ្ងន់ស្រាលទាំង ៣នាក់រស់នៅភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕ ប៉ឹម ពិន


ចែករំលែក៖