ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនគម្រោងការស្ថាបនា សាងសង់ផ្លូវថ្មីមួយខ្សែរដែលមានឈ្មោះថា វិថី អ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុននាង ទទឹង៣០ម៉ែត្រ បណ្ដោយប្រមាណជាង៥០០០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់ផ្លូវ៣៧១ ប្រយោជន៍ដើម្បីជួយសម្រួលការកកស្ទៈចរាចរណ៍ ឲ្យមានលក្ខណៈល្អប្រសើរ ។
នេះតាមការបញ្ជាក់ឲ្យដឹងពីលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក្រោយកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។
លោក ម៉េត មាសភក្កី បានបញ្ជាក់ថា៖ បច្ចុប្បន្នតំបន់ អភិវឌ្ឍន៍ បឹងជើងឯក គឺមានតែផ្លូវ១ខ្សែ គឺផ្លូវសម្តេចអគ្គសេនាបេតីតេជោហ៊ុនសែន ។ ដូច្នេះ យើងត្រូវគិតគូរពីតំបន់នេះ ដែលមានផ្ទៃដីធំ និងជាតំបន់ដែលត្រូវកសាងអភិវឌ្ឍន៍ថ្មី និងស្ពានតភ្ជាប់ពីមហាវិថីសម្តេចអគ្គសេនាបេតីតេជោហ៊ុនសែនតែប៉ុណ្ណោះ ។
អាជ្ញាធររាជធានីភ្នំពេញ កំពុងពន្លឿន គម្រោងការស្ថាបនា ស្ថាបនាផ្លូវថ្មី ដែលមានឈ្មោះថា (វិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុន នាង)ដែលមានទទឺង៣០ម៉ែត្រ និង បណ្ដោយប្រហែលប្រមាណជាង៥០០០ម៉ែត្រ ។ ផ្លូវថ្មីនេះ គឺមានគោលបំណងពីរ ទី១ដើម្បីអនុវត្ដន៍ទៅតាមគំរោងប្លង់មេនៃតំបន់អភិវឌ្ឍន៍ជើងឯកផង និងទី២គឺជាការរៀបចំឲ្យមានសរសៃឈាមបន្ថែមទៀតនៅក្នុងការរៀបចំប្រព័ន្ធចរាចរណ៍ឲ្យមានលក្ខណៈល្អប្រសើរក៏ដូចជាសម្រួលនិងកាត់បន្ថយការកកស្ទៈចរាចរណ៍នៅក្នុងតំបន់ច្រមុះជ្រូកស្ទឺងមានជ័យផង ។
ផ្លូវថ្មី១ខ្សែរនេះ និងជួយ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អាចមានលទ្ធភាពធ្វើដំណើរកាត់មកដល់ ផ្លូវជាតិលេខ២តែម្តង ផ្លូវខាងលើនេះនិងមានការតភ្ជាប់ជាមួយនិងស្ពានមួយខ្សែរស្របតាមផ្លូវនេះផងដែរ ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពី ប្លង់ និងផលប៉ះពាល់ផ្សេងៗដែលកើតមានឡើងមុនហ្នឹងសម្រេចស្ថាបនាផ្លូវខាងលើនេះ ។
សូមបញ្ជាក់ថា៖ ផ្លូវមួយខ្សែរថ្មីនេះស្ថិតក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក តភ្ជាប់ពីផ្លូវជាតិលេខ ២ មកផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ ចេញតាមមុខផ្សារប៉េសេថ្មី ស្ថិតក្នុងខណ្ឌមាន ជ័យ ដោយប្រសិទ្ធនាមថា ជាវិថី អ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង៕ សំរិត