ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តHighlanderបត់ឆ្វេងចូលចាក់សាំងប៉ះម៉ូតូមួយគ្រឿងរបួសធ្ងន់ លោកអ៊ុក សាវឿន មេឃុំតានៃបានឧបត្ថម្ភប្រាក់ចំនួន១៥ម៉ឺនរៀលដោយមានការអាណិតអាសូរជនរងគ្រោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១និង០០នាទី រសៀល ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ស្ថិតត្រង់ចំនុចមុខស្ថានីយប្រេងឥន្ធនៈតេលា ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ត្រួយចេកចាស់ ពាក់ស្លាកលេខភ្នំពេញ ២L ៣៦៨៦ ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ អ្នកបើកបរគេចខ្លួន មកដល់ចំណុចកើតហេតុខាងលើរថយន្តបត់ឆ្វេងចូលចាក់សាំង ក៏ប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ ១E ៣៦៩០ ទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ទ្រី ធីរម្យ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ(ឡុង សែន ជើងគោ)ទីលំនៅភូមិតាពៅឃុំតានៃស្រុកព្រៃនប់ រងរបួសធ្ងន់បញ្ជូនមកសង្គ្រោះនៅគ្លីនិកឯកជន វាលរេញ ។

ភ្លាមៗនោះដោយមានការអាណិតអាសូរ លោកអ៊ុក សាវឿន មេឃុំតានៃបានឧបត្ថម្ភប្រាក់ចំនួន១៥ម៉ឺនរៀលគ្រាន់ជួយដោះស្រាយបណ្តោះអាសន្ន ៕ ឆ្លាម សមុទ្រ


ចែករំលែក៖