ខេត្តកណ្តាល ៖ យុវជនម្នាក់ ទំនងជាប្រើប្រាស់គ្រឿងញៀនជ្រុល ធ្វើឲ្យវង្វេងស្មារតីបានធ្វើអត្ត ឃាតចងកសម្លាប់ខ្លួនក្នុងរោងចំបើង បង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ឈានចូល ថ្ងៃ អង្គារ ១២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ស្ថិតនៅក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីម សិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានប្រើប្រាស់ថ្នាំញៀនលើសកំណត់រហូតវង្វេងវង្វាន់ស្មារតី បានទិញស្រាថ្នាំមួយលីត្រមក ផឹកម្នាក់ឯង ហើយបានទៅដេកនៅលើគ្រែក្រោមផ្ទះតែម្នាក់ឯងដោយគ្មានអ្នកណារវីរវល់ឡើយ ។ លុះព្រឹកឡើងឪពុកជនរងគ្រោះភ្ញាក់ពីដេក ក៏ដើរមករោង យកចំបើងឲ្យគោស៊ីស្រាប់តែឃើញកូនប្រុសម្នាក់នេះ យកខ្សែអង្រឹងប្រវែងបួនម៉ែត្រចងកនឹងធ្នឹម រោងចំបើង ស្លាប់បាត់ទៅហើយ ទើបបង្កាការភ្ញាក់ផ្អើលតែម្តង ។
ក្រោយមកសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានចុះមកដល់កន្លែងកើតហេតុ ហើយបាន ពិនិត្យយ៉ាងយកចិត្តទុកដាក់ឃើញថា សពពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសផ្សេងៗឡើយ គឺជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែនរួចបាន ប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ