ព័ត៌មានទាន់ហេតុការណ៍៖

សត្វក្របីជាង៤០ក្បាលក្នុងមួយរថយន្តប្រុងលោតឆត្រទៅវៀតណាមត្រូវគយចាប់បានមួយដង្ហើមចង្រឹតក៏ដោះលែងទៅវិញ

ចែករំលែក៖

ប៉ោយប៉ែត៖ ក្របីមួយរថយន្តយីឌុបស្មើជាង៤០ក្បាល ដឹកចេញពីបន្ទាត់ព្រំដែន ក្នុងស្រុកអូរជ្រៅ ត្រូវមន្ត្រីគយចល័តរបស់ក្រសួងឃាត់ទុក ព្រោះចង់លោតឆត្រ ទាំងមិនទាន់មានឯកសារគ្រប់គ្រាន់ ពីមន្ត្រីជំនាញ ។

ការឃាត់រថយន្តដឹកក្របីនេះធ្វើឡើងនៅលើដងផ្លូវជាតិលេខ៥ មុខទីតាំងគយចល័តរបស់ក្រសួង ខាងលិចស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ល្ងាចម៉ោង៥ និង២៤នាទី ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។

ក្របីទាំងនេះ ដឹកតាមរថយន្តយីឌុប ម៉ាក HINO ចង្កូតឆ្វេង ពាក់ស្លាកលេខ ស្វាយរៀង 3A.0750 ។

ប្រភពពីមន្ត្រីជំនាញនិយាយថា ក្របីទាំងនេះ នាំចូលតាមរយៈក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ ប៉ុន្តែមិនបានទៅកាត់ពន្ធឆ្លងកាត់នៅការិយាល័យគយច្រកតំបន់បឹងត្រកួនឲ្យបានត្រឹមត្រូវ ។

បញ្ហាខាងលើនេះ អ្នកសារព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុននាំចូលសត្វក្របីពីថៃ ដែលសមត្ថកិច្ចជំនាញចាប់ខាងលើបានឡើយ ដោយមិនស្គាល់លេខទូរស័ព្ទ ម្យ៉ាងនៅចំណុចកើតហេតុ គេឃើញមានតែអ្នកបើកបររថយន្តដឹកក្របី និងកម្មកររួមដំណើរ ហើយពេលសាកសួរ ពួកគាត់មិននិយាយស្តី ដោយគ្រាន់តែប្រាប់ថា ពួកគាត់ធ្វើការយកតែប្រាក់ខែ មិន ដែលដឹងថា សត្វក្របីទាំងនេះ ជារបស់ក្រុមហ៊ុនឈ្មោះអ្វីឡើយ ។ ពួកគាត់ថា សត្វក្របីទាំងនេះ នឹងដឹកទៅដល់ព្រំដែនកម្ពុជា វៀតណាម ខេត្តស្វាយរៀង ។

ជុំវិញករណីខាងលើនេះ លោក ឈួន សុធាសុវណ្ណារី ប្រធានស្នាក់ការគយក្រសួងប្រចាំខេត្តបន្ទាយមានជ័យ ប្រាប់តាមទូរស័ព្ទថា ចំពោះក្របីដែកក្រុមការងារបានស្ទាក់ទុកនោះ បានដោះលែងហើយ បន្ទាប់ពីម្ចាស់បំពេញឯកសាររបង់ពន្ធឆ្លងកាត់ ។

លោកបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលកម្លាំងលោកសហការជាមួយមន្ត្រីគយបឹងត្រកួន ឃាត់រថយន្តដឹកក្របី ចំពោះរាល់ដង ដែលក្រុមហ៊ុនដឹកក្របីក្រុមមន្ត្តីរបស់លោកមិនបានឃាត់ ក៏មន្ត្រីគយនៅតាមបណ្ថាខេត្តឃាតដើម្បីចូលបង់ពន្ធផ្លូវដែរ ៕ វណ្ណា


ចែករំលែក៖