មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាត់ទុកកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ដូចជាខ្សែភាពយន្តដ៏ល្អឥតខ្ចោះ។ ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានអបអរសាទរដល់ជំនួបកំពូល ដែលទទួលបានជោគជ័យនោះផងដែរ។
សម្លឹងមើលនូវទិដ្ឋភាពដ៏មានតម្លៃនៃកិច្ចប្រចុំកំពូលអាមេរិក-កូរ៉េខាងជើង នៅថ្ងៃទី១៣ ខែមិថុនា បណ្តាញផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានផ្សាយថា ជំនួបនៅសិង្ហបុរី មេដឹកនាំ គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទស្សនកិច្ចទីក្រុងព្យុងយ៉ាង។ មិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន ក៏បានយល់ព្រមទស្សនកិច្ចអាមេរិកផងដែរ។
សារព័ត៌មាន KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទស្សនកិច្ចទីក្រុងព្យុងយ៉ាងនៅពេលសមស្របណាមួយ ហើយប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានអញ្ជើញ លោក គីម ជុងអ៊ុន ទស្សនកិច្ចអាមេរិកផងដែរ។ មេដឹកនាំទាំងពីរបានបង្ហាញភាពសម្បាយរីករាយទទួលនូវការអញ្ជើញទៅវិញទៅមក ដោយចាត់ទុកថា សកម្មភាពនេះជាឱកាសដើម្បីធ្វើឲ្យរីកចម្រើននៅក្នុងទំនាក់ទំនងទ្វេភាគី។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក បានចែករំលែកពីទស្សនក្នុងការធ្វើសកម្មមួយជំហានម្តង។
ការផ្សាយរបស់សារព័ត៌មានជាតិកូរ៉េខាងជើង ធ្វើឡើងក្រោយមួយថ្ងៃនៃជំនួបកំពូលជាប្រវត្តិសាស្ត្រនៅសិង្ហបុរី ហើយបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមាន៤ចំណុច៖
ទី១. សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់ទំនងអាមេរិក-កូរ៉េខាងជើងថ្មី ដោយឈរលើសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន នៃប្រទេសទាំងពីរ ដែលចង់បានសន្តិភាព និងវិបុលភាព។
ទី២. សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបង្កើតកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីកសាងសន្តិភាពដែលមានភាពយូរអង្វែង និងមានស្ថិរភាពនៅឧបទ្វីបកូរ៉េ។
ទី៣. ដោយគោរពតាមសេចក្តីប្រកាសថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិ Panmunjom ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង កូរ៉េខាងជើងនឹងរួមសហការគ្នាឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ពីឧបទ្វីបកូរ៉េ។
ទី៤. សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាក្នុងការរុករកគ្រោងឆ្អឹងកងទ័ពអាមេរិកកាលពីសម័យសង្រ្គាមកូរ៉េ រួមទាំងការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ នៃគ្រោងឆ្អឹងទាហានអាមេរិក ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់។
នៅក្នុងកិច្ចប្រជុំ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាក់ថា ប្រសិនបើអាមេរិកបង្ហាញពីគោលជំហរច្បាស់លាស់ ផ្តល់ទំនុកចិត្ត ភាគីកូរ៉េខាងជើងនឹងយល់ព្រមកែប្រែទំនាក់ទំនងទ្វេភាគី និងលុបបំបាត់បរមាណូ។
ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបង្ហាញពីគោលបំណងផ្អាកសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកសកម្មភាពនោះគឺជាការឌឺដង។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានធានាដល់សន្តិសុខ ក៏ដូចជាការលុបទណ្ឌកម្ម សេដ្ឋកិច្ចទៅលើកូរ៉េខាងជើងផងដែរ។
នៅពេលនេះដែរ ប្រទេសជាម្ចាស់ផ្ទះសិង្ហបុរី បានអបអរសាទរដល់ជំនួបកំពូល អាមេរិក កូរ៉េខាងជើង ទទួលបានជោគជ័យ។ នាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិតជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែងនូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល ចំពោះការបញ្ចប់ទៅដោយភាពជោគជ័យ នៃជំនួបកំពូលកាលពីថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ Channel News Asia កាលពីល្ងាចថ្ងៃអង្គារ។
នៅក្នុងលិខិតផ្ញើជូនទៅលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា «កិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក នឹងកូរ៉េខាងជើង គឺជាជំហានឆ្ពោះទៅមុខយ៉ាងខ្លាំងមួយ ហើយសិង្ហបុរីមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ…»។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់លោក លី សៀនឡុង នៅមុនជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ធ្វើឡើងនោះ សិង្ហបុរីបានធ្វើការចំណាយរហូតខ្ទង់ ១៥លានដុល្លារអាមេរិក ដើម្បីរៀបចំគ្រប់បែបយ៉ាងមានទាំងពិធីការជារួម និងកិច្ចការពារសន្តិសុខចាប់តាំងពីមុនដំណើរមកដល់នៃគណប្រតិភូទាំងពីរប្រទេស ពេលបើកកិច្ចប្រជុំ និងរហូតដល់កិច្ចប្រជុំត្រូវបញ្ចប់ជាស្ថាពរ៕ ម៉ែវ សាធី