ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរ៉ឺម៉កបុកបង្កាន់ដៃស្ពានព្រែក្ដាមបណ្ដាលឲ្យអ្នកបើកបរធ្លាក់មកក្រោមស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូសណ្ដោងរ៉ឺម៉កដោយមិនប្រយ័ត្ន បណ្ដាលឲ្យបុកបង្កាន់ដៃស្ពានព្រែកក្ដាមធ្លាក់ចុះមកក្រោមស្កាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង១២នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានព្រែកក្តាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្តីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ប៉ូច ចក់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ប្រភេទសណ្ដោងរ៉ឺម៉ក ពណ៌ក្រហម (គ្មានស្លាកលេខ) រួមដំណើរជាមួយឈ្មោះ ហ៊ាន សាក់ ភេទ ប្រុស អាយុ១៩ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិសត្វល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំងពីរនាក់ខាងលើជិះម៉ូតូសណ្ដោងរ៉ឺម៉កឡើងលើស្ពានព្រែកក្ដាម ក្នុងទិសដៅពីត្បូងទៅជើង ។ លុះបើកមកដល់ចំណុចកើតហេតុ (ត្រង់ចំណុចផ្លូវកោង) ម៉ូតូជនរងគ្រោះបត់ចង្កូតពុំទាន់ បានបុកបង្កាន់ដៃស្ពាន(ផ្នែកខាងឆ្វេង) បណ្តាលអោយអ្នកបើកបរធ្លាក់ពីលើស្ពានចុះមកក្រោមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកពញាឮ ។ ដោយឡែកមធ្យោបាយជនរងគ្រោះត្រូវបាននគរបាលជំនាញចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖