ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មនុស្សប្រុសស្រី៦នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់រវាងម៉ូតូ នឹងម៉ូតូបានបុក ពេញទំហឹងបណ្ដាលឲ្យដួលរណូករណែល ពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរកាលពីវេលាម៉ោង៥រសៀល ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវ៣១៤ ចំណុចភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាក Zhongyu (អាសង់ចិន) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ច្រេត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអនាម័យកាស៊ីណូ រស់នៅភូមិព្រៃរំដួល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរ២នាក់ មាន ឈ្មោះ ចាន់ សាវ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខកាស៊ីណូ និងឈ្មោះ ឈឹម ហេង ភេទស្រី អាយុ៣៧ឆ្នាំ មុមុខរបរបុគ្គលិកកាស៊ីណូមានទីលំនៅភូមិព្រៃរំដួលឃុំប្រសូត្រស្រុកស្វាយទាប ។
ប្រភពបន្តថាចំណែកភាគីម៉ូតូរងគ្រោះ ម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1BN-6908 បើកបរដោយឈ្មោះ ហ៊ុល សាវ៉ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរ២នាក់ដែរ មានឈ្មោះ ហឿន សុភណ្ឌ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ និងឈ្មោះ សូ លីដា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រដោយទាំង៣នាក់បច្ចុប្បន្នរស់នៅភូមិព្រៃស្គុំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
តាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញភាគីម៉ូតូអាសង់ចិន ជិះឌុបគ្នា៣នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុកប៉ះម៉ូតូអាសង់ជិះគ្នា៣នាក់ បណ្ដាលឲ្យដួលខ្ទាតរដូករណែលពេញផ្លូវ ហើយត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងដឹកយកភាគីទាំងសងខាងទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយភាគីម៉ូតូអាសង់ចិន ដែលអ្នកបើកបរមិនប្រកាន់ស្ដាំទើបជួបករណីនេះកើតឡើង ។
ចំពោះមធ្យោបាយម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយរំពារ ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន