ព័ត៌មានទាន់ហេតុការណ៍៖

បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូមួយខ្សែ នៅសង្កាត់លលកស តាមការសន្យា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកោះ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋជិត ២ពាន់នាក់ថា ផ្អែកតាមប្រវត្តិសាស្ត្រក្រោយមហានគរ ៥០០ឆ្នាំមុន ប្រទេសកម្ពុជាមិនដែលមានសន្តិភាពទេ ប៉ុន្តែក្រោយឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាសពេលវេលា និងអាយុជីវិត ទម្រាំបានសន្តិភាពជូនប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃ នេះគឺជាសន្តិភាពដំបូងបង្អស់របស់ប្រទេសកម្ពុជា ដូច្នេះក្នុងនាមយើងជាកុលបុត្រកុលធីតាជំនាន់ក្រោយ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបាន ដើម្បីទឹកដី និងមាតុភូមិរបស់យើង ។

លោក ថ្លែងបែបនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវក្រាលកៅស៊ូ ១ខ្សែ មានប្រវែងជាង ៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិលលកស ទៅកាន់ផ្លូវបំបែកកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិវត្តហ្លួង ឆ្លងកាត់ភូមិកោះ និងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តាមសំណូមពរជាអាត្ថភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាសថវិកាខេត្តពោធិ៍សាត់ ហើយអនុវត្តន៍ឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ៕ ប៉ឹម ពិន


ចែករំលែក៖