ភ្នំពេញ ៖ ករណីជនឆបោកនៅតែបន្តការបោកប្រាស់ប្រជាពលរដ្ឋបានជារៀងរាល់ថ្ងៃ បើកទោះបីជាមាន ការផ្សព្វផ្សាយព័ត៍មាន តាមកាសែត វេបសាយ ទូរទស្សន៍ បណ្ដាញសង្គម ក៏ដោយ គេសង្កេតឃើញថាជនខិលខូច នូវតែមានល្បិចថ្មីៗនៃការបោកបញ្ឆោចជនរងគ្រោះយកទ្រព្យសម្បត្តិ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ជាក់ស្តែងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នារីម្នាក់ជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងព្រូដិនសល(PRUDENTIAL) បានរត់ទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីជួយធ្វើអន្តរគមន៍ក្រោយពីរូបនាង ត្រូវជនមិនស្គាល់អត្តសញ្ញាណបោកយកម៉ូតូមួយគ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។
នារីរងគ្រោះខាងលើឈ្មោះ កង ផល្លា អាយុ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងព្រូដិនសល(PRUDENTIAL) មានទីលំនៅស្នាក់នៅផ្ទះលេខ ៤៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ ។
យោងតាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចមូលដ្ឋានថា មុនកើតហេតុកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ មានបុរសម្នាក់បានប្រើលេខទូរស័ព្ទមួយខ្សែ គឺលេខ០៩៦ ៨២០ ៦១ ៧២ (ដោយតាំងខ្លួនជាលេខមេ ) តេមកកាន់រូបនាង ប៉ុន្តែបានហៅឈ្មោះមនុស្សម្នាក់ឲ្យទៅយកលុយពីខ្លួន ។ ពេលឮហៅឈ្មោះខុសរូបនាងក៏ប្រាប់ថា «ច្រឡំលេខហើយ» តែបុរសម្នាក់នោះក៏ធ្វើជាសួរនាំនាងថា «រស់នៅទីណា?និងធ្វើការអ្វី?» នាងក៏ឆ្លើយតបវិញថា «ខ្ញុំធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រង» ភ្លាមនោះបុរសមិនស្គាល់អត្តសញ្ញាណនោះក៏និយាយទៀតថា «ខ្លួនមានបំណងចង់សន្សំប្រាក់ និងទិញសេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនរបស់នាងដែរ» ។
នារីរងគ្រោះបន្តទៀតថា បន្តពីនិយាយគ្នាអស់មួយស្ទុះ រូបនាង និងបុរសម្នាក់នោះក៏ធ្វើការណាត់ជួបគ្នាថ្ងៃស្អែកនៅណាហ្គាទី២ ។ លុះនៅវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃកើតហេតុខាងលើ ស្រាប់តែបុរសដែលតែងតាំងខ្លួនឯងជាមេនោះ ក៏ទូរស័ព្ទលេខថ្មីមួយទៀតគឺលេខ០៩៦ ៨១ ៣៥ ៥៧៧ មកប្រាប់នាងថាឲ្យទៅជួបកូនចៅរបស់ខ្លួនម្នាក់ទៀត ពេលនិយាយចប់ភ្លាមស្រាប់តែមានទូរស័ព្ទលេខ ០៧០ ៦៥៦៣០៦ មួយខ្សែទៀតតេមកប្រាប់ថា «មេរបស់គេឱ្យមកទទួលរូបនាង ដើម្បីទៅជួបមេរបស់គេនៅណាហ្គា២ ដោយមេខ្ញុំមិនបានទៅទេ» ។
នារីរងគ្រោះបន្តថា បន្ទាប់មករូបនាងក៏បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ២០១៣ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១D-៧៧៦៧ មកជួបគ្នាបុរសខាងលើនៅចំណុចភ្លើងស្តុបផ្លូវព្រះមុនីវង្ស កែងនិងផ្លូវកម្ពុជាក្រោម ។ ពេលនាងមកដល់ ក៏ឃើញបុរសម្នាក់ឈរចាំនៅលើចិញ្ចើមផ្លូវ រួចរូបនាងក៏សួរបុរសម្នាក់នោះថា « បានអីជិះមក» បុរសរូបនោះបានឆ្លើយថា «ឡានមេខូចនិងយកទៅជួសជុលបាត់ហើយ» រួចក៏បុរសមិនស្គាល់អត្តសញ្ញាណរូបនោះ បានឡើងជិះម៉ូតូ ដោយឌុបនាងទៅជាមួយគ្នាមក ឈប់នៅខាងមុខអគារវប្បធ៌មកូរ៉េ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ហើយរូបគេក៏ឱ្យនាងចុះពីលើម៉ូតូ ។
ភ្លាមនោះនាងក៏ទូរស័ព្ទទៅកាន់បុរសម្នាក់ដែលតាំងខ្លួនជាមេនោះ ហើយប្រាប់នាងថាឲ្យដើរចូលមកខាងក្នុងមក និងប្រគល់ម៉ូតូឲ្យទៅកូនចៅរបស់គេយកទៅទុកចុះ ។ ពេលនាងដើរឡើងចូលទៅក្នុងអគារវប្បធ៌មកូរ៉េនោះ ដោយស្មានតែជាណាហ្គាទី២ និងសួរអ្នកធ្វើការនៅទីនោះគេប្រាប់ថាច្រឡំហើយ ណាហ្គាទី២ គឺនៅខាងមុខទៀត ទើបរូបនាងក៏ដើរចេញមកវិញ និងដើរទៅកាន់ណាហ្គាទី២ ហើយទូរស័ព្ទទៅបុរសម្នាក់តាំងខ្លួនជាមេនោះតែតេមិនចូល រួចក៏តេទៅបុរសជាកូនចៅទៀតក៏តេមិនចូលទៀត ។ នាងក៏ដើរមកកាន់អគារវប្បធ៌មកូរ៉េវិញ ដែលជាកន្លែងបុរសម្នាក់នោះឈប់ម៉ូតូចាំ ស្រាប់តែបាត់ទាំងមនុស្ស និងម៉ូតូអស់មិនឃើញ ទើបរូបនាងដឹងថាចាញ់បោកគេហើយ ។
ក្រោយកើតហេតុនារីរងគ្រោះ បានជិះម៉ូតូឌុបទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីជួយធ្វើការស្រាវជ្រាវស្វែងរកជនរកចាប់ខ្លួនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ស រស្មី