ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងធ្វើដំណើរតាមម៉ូតូហើយត្រូវរថយន្តធុនធំបើកបុកពីក្រោយ និងអូសជាច្រើនម៉ែត្រ ។ រថយន្តបង្កក្រោយកើតហេតុបានបន្តដំណើរទៅមុខគេចខ្លួនបាត់ស្រមោល មិនទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តលើអ្នកដទៃនោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា សមត្ថកិច្ចបានប្រមាញចាប់បានរថយន្តបង្កនេះដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកសុខា សែនជ័យ អ្នករាយការណ៍ព័ត៌មានកាសែតនគរវត្តប្រចាំនៅខណ្ឌពោធិ៍សែនជ័យបានរាយការណ៍ព័ត៌មានបឋមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ ឈ្មោះ ធាតុ លី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រកកំណើតខេត្តកំពង់ឆ្នាំង ។ រីឯជនរងគ្រោះម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះបានរងរបួសស្រាលដោយសារហេតុការណ៍ឡានធុនធំបុកម៉ូតូម៉ាកនិកពីក្រោយនេះដែរ ៕