ខេត្តពោធិ៍សាត់៖ កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់នៅសម័យកាលសង្រ្គៀមដ៏រ៉ាំរ៉ៃនៅប្រទេសកម្ពុជា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋបាល មន្រ្តីជំនាញកម្ចាត់គ្រាប់រំសេវ ចុះសហការជាមួយប្រជាពលរដ្ឋប្រមូលបានជាបន្តបន្ទាប់ចំនួន ៧២គ្រាប់ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ភូមិទួលម្កាក់ និងភូមិឡប្រាក់ ឃុំអន្លង់ត្នោត និងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់នូវសម័យកាលសង្រ្គៀមដ៏រ៉ាំរ៉ៃនៅប្រទេសកម្ពុជា ដែលកម្លាំង និងប្រជាពលរដ្ឋបានសហការគ្នាប្រមូលបានតាមបណ្ដាភូមិ ឃុំនានាខាងលើមានច្រើនប្រភេទ ។
លោក អធិការនគរបាលបន្តទៀតថា ទន្ទឹមនោះដែរ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រោះវាអាចបង្កឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនគ្រាប់ពេលវេលា ហើយប្រសិនបើជួបប្រទះឃើញត្រូវផ្តល់ពត៌មានជាបន្ទាន់ ដើម្បីសមត្ថកិច្ចសហការជាមួយមន្រ្តីជំនាញ ចុះទៅប្រមូលដើម្បីបញ្ចៀសបាននូវការគ្រោះថ្នាក់នេះ ហើយកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់ដែលយើងប្រមូលបានបានប្រគល់ឲ្យមន្រ្តីជំនាញផ្នែកគ្រាប់រំសេវ(ហែលឡូត្រាស)ដើម្បីចាត់ការតាមបច្ចេកទេស ៕ ប៉ឹម ពិន