ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបើកម៉ូតូទៅបុកទ្រូងផ្លូវក្បែស្ពានអាកាស៧មករា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបើកម៉ូតូទៅបុកទ្រូងផ្លូវក្បែស្ពានអាកាស៧មករា ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៤ទៀបភ្លឺ ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញយុវជនម្នាក់ បានបើកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GF-6494 បើកតាមផ្លូវតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុជិតស្ពានអាកាស៥មករា ស្រាប់តែរេចង្កូតទៅបុកនឹងទ្រូងផ្លូវ បណ្តាលឲ្យដួលរបួសធ្ងន់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំណែកសពជនរងគ្រោះយកទៅតម្កល់នៅវត្តទឹកថ្លា រងចាំស្វែងរកបងប្អូនមកទទួលតកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖