ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួស១នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក និងផ្លូវគោក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានរងរបួសសុះសាច់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកស្លាបចាក់កាណូតកាប់ចំ និងមន្រ្តីនគរបាលម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយរថយន្តមិនស្គាល់ម៉ាកបុកនៅគ្រាកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។

យោងតាមរបាយការណ៍ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ និងរបួស ២ករណីផ្សេងគ្នាខាងលើ លើកទី១បានកើតឡើងវេលាម៉ោង១១ និង៣៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកព្រែកដីរនាតមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន បង្កឡើងដោយបុរសបើកបរកាណូត ១គ្រឿងឈ្មោះ សុខ សំបូរ អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកក្មេងដែលកំពុងហែលទឹកលេង បណ្ដាលឲ្យក្មេងប្រុសឈ្មោះ អេង សុខ អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា រងរបួសយ៉ាងដំណំដោយស្លាបចាក់កាណូតកាប់ចំ ។

ក្នុងរបាយការណ៍ខាងលើបន្តថា លុះនៅវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០២.២០៣(ទល់មុខសាលាស្រុកបាកាន) ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតបានកើតឡើង ដោយរថយន្តមិនស្គាល់ម៉ាកធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកមន្រ្តីនគរបាលម្នាក់ឈ្មោះ រស់ រិទ្ធិស័ក្ក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ដែលកំពុងជិះម៉ូតូ ១គ្រឿងម៉ាក ស៊ុយសូគីវីវ៉ា សេ១២៥ ពណ៌ខ្មៅ ពេញទំហឹង ខណៈដែលកំពុងធ្វើដំណើរច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

របាយការណ៍ដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងផ្លូវទឹក និងផ្លូវគោកខាងលើ វត្ថុតាងកាណូតបានរក្សាទុកនៅប៉ុស្ដិ៍នគរបាលរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ដោយឡែក៖ រថយន្តបង្កបុកមន្រ្តីនគរបាលបណ្ដាលឲ្យស្លាប់សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ចំណែកសាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖