ខេត្តកណ្ដាលៈ បុរសម្នាក់ស្រវឹងស្រាជោកជាំបានដើរទៅរកត្រីក្នុងបឹងដើម្បីធ្វើម្ហូបមិនឃើញត្រឡប់មកវិញ លុះស្អែកឡើងត្រូវបានបងប្អូនប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាមផ្ទោលលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោលសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់មានឈ្មោះ ស៊ុយ សុត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិពាមផ្ទោលលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ជុច គ្រុយ ត្រូវជាពូជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះជាមនុស្សញៀនស្រា តែងផឹកស្រាស្រវឹងជាប្រចាំ លុះមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក ជនរងគ្រោះបានផឹកស្រារហូតដល់ស្រវឹងរួចបានចេញពីផ្ទះដើម្បីទៅរកត្រីនៅក្នុងបឹង រហូតមកដល់វេលាប្រមាណ១៩ មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររកមើលតែរកពុំឃើញជនរងគ្រោះនោះទេ ។ លុះស្អែកឡើងថ្ងៃទី១៥ ខែមិថនា ឈ្មោះ ជុច គ្រុយ និងឈ្មោះ សៀក ស្រ៊ី បាននាំគ្នាទៅរកជនរងគ្រោះនៅឯបឹងម្ដងទៀត ក៏ស្រាប់តែឃើញសាកសពជនរងគ្រោះអណ្ដែតមកមាត់បឹង បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកពិនិត្យសាកសព ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារជនរងគ្រោះផងដែរ ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ