ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ ខណៈមានករណីគ្រោះ ថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ហើយបានរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យ ខូចខាតយ៉ាងដំណំ និង បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ជាបន្តបន្ទាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្តបុកម៉ូតូយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០យប់ថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅត្រង់ចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ហើយរថយន្តនោះបានជ្រុលទៅបុកផ្ទះពលរដ្ឋបាក់ជញ្ជាំងថ្មរងការខូចខាតយ៉ាងដំណំ និង បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ជាបន្តបន្ទាប់ ។
នគរបាលស្រុកកំពង់សៀម បានឲ្យដឹងថានៅពេលមុនកើតហេតុ រថយន្តម៉ាកហ្វ័ត រ៉េនជ័រ ពណ៌ទឹកមាស បើកក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៧ ដែលអ្នកបើកបរឈ្មោះ ង្វៀង ស៊ីម៉ាច ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ ដោយឡែក ខាងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1D-1209 បើកបរដោយឈ្មោះរិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបានរួមដំណើរជាមួយមិត្តភក្តិម្នាក់ មិនស្គាល់ឈ្មោះ ដោយម៉ូតូនេះបានបើកបញ្ច្រាសទិសគ្នានឹងរថយន្ត ។
សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា អ្នកជិះម៉តូទាំង២នាក់ មិនបានពាក់មួកសុវត្ថិភាពនោះទេ ស្របពេលដែលជិះដល់ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ឡុង នៅភូមិអណ្តូងច្រុះ ស្រាប់តែបានប៉ះទង្គិចជាមួយរថយន្តខាងលើ ។
ក្នុងពេលកើតហេតុនោះបណ្តាលឱ្យអ្នកជិះពីក្រោយដែលមិនស្គាល់ឈ្មោះស្លាប់ភ្លាម ចំណែកអ្នកឌុបវិញបានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៧ដេ ស្រុកកំពង់សៀម តែក្រោយមកបានស្លាប់ដែរ ។ រីឯរថយន្តនោះ ក៏បានជ្រុលល្បឿនមកបុកផ្ទះ របស់ប្រជាពលរដ្ឋលក់ទំនិញចាបហួយបណ្តាលឲ្យបាក់ជញ្ជាំងបេតុងជ្រុះធ្លាក់ដល់ដី រថយន្តផ្ទុះពោងសុវត្ថិភាព តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកបើកបរជាជនជាតិវៀតណាម និងម្ចាស់ផ្ទះនោះទេ ។
ករណីនេះអ្នកបើកបរបង្កជាជនជាតិវៀតណាមយើងមិនទាន់ដឹងថា សមត្ថកិច្ចនគរបាលជំនាញឃាត់ខ្លួនដើម្បីបន្តនិតិវិធីដល់ត្រឹមណានោះទេ យើងរង់ចាំតាមដានបន្ត ៕ វណ្ណៈ