ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចផ្ដន្ទាទោសអតីតនគរបាលព្រហ្មទណ្ឌម្នាក់ដែលបាញ់សម្លាប់សន្តិសុខផ្សារស្ទឹងមានជ័យ ១០ឆ្នាំតែអនុវត្តទ័ណ្ឌក្នុងពន្ធនាគារត្រឹម៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស អតីតមន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់ ដែលបាញ់សម្លាប់សន្តិសុខផ្សារស្ទឹងមានជ័យ ១០ឆ្នាំតែអនុវត្តទ័ណ្ឌក្នុងពន្ធនាគារត្រឹម៧ឆ្នាំប៉ុណ្ណោះ ក្រោមការចោទបករកាន់ពីបទឃាតកម្ម ។

ជនត្រូវចោទមានឈ្មោះ សាន បូរី ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នាក់នៅ ផ្ទះលេខ៣១២ ផ្លូវលេខ៤៤C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រឿងក្ដីឃាតកម្មនេះត្រូវចៅក្រមតុលាការកាត់ទោសកាលពីព្រឹកថ្ងៃទី ១២មិថុនា ឆ្នាំ២០១៨ ។ ក្នុងសវនាការជនជាប់ចោទ បានឆ្លើយសារភាពថាកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧ ខ្លួនបានចូលទៅហាងផឹកស៊ីមួយ ហើយជនរងគ្រោះដែលបានស្លាប់នោះបាននិយាយឌឺដងដាក់ខ្លួនថាអាប៉ូលីសមាន់ស្ងោរ គ្រាន់តែផឹកស៊ីយកអាវុធមកតាម ក៏មានទំនាស់ពាក្យសំដីតួចក៏ប្រតាយប្រតប់គ្នា ខណៈនោះជនសង្ស័យឈ្មោះ សាន បូរី បានដកអាវុធខ្លីបាញ់ឡើងលើ១គ្រាប់នឹង២គ្រាប់បានបាញ់ត្រូវជនរងគ្រោះឈ្មោះ ជ័យ ប៊ុនថន បណ្តាលឲ្យស្លាប់ ។

សូមជម្រាបថាទោះជាយ៉ាងណារឿងក្តីឃាតកម្មខាងលើនេះត្រូវបានលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨វេលាម៉ោង២រសៀលដើម្បីប្រកាសសាលក្រម។

គួររំលឹកថា ហេតុការណ៍នេះបាមកើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៩និង៤០នាទី នៅចំណុច ក្នុងហាងផឹកស៊ីមួយ ផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បង្កឡើងដោយឈ្មោះ សាន បូរី ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ ជ័យ ប៊ុនថន ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខផ្សារស្ទឹងមានជ័យ ស្នាក់នៅ ផ្ទះ ជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។វត្ថុតាងចាប់យកបានរួមមាន៖ អាវុធខ្លីមួយដើមម៉ាករ៉ូឡូ ពណ៌ខ្មៅ គ្រាប់ចំនួន ០២ គ្រាប់ និង សំបកគ្រាប់ចំនួន៣ ៕ ស តារា


ចែករំលែក៖