ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកានាយកប្រតិបត្តិ ACMECS

ចែករំលែក៖

ប្រទេសថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកានាយកប្រតិបត្តិ ACMECS ស្ដីពី “ការភ្ជាប់ទៅអនាគតរបស់យើង៖ ការលើកកំពស់កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្ម ACMECS” នៅសណ្ឋាគារសាំងគ្រីឡា ក្រុងបាងកក ប្រទេសថៃ។

នៅក្នុងវេទិកានេះ គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំងអស់ វិនិយោគិនធំៗ ដៃគូអភិវឌ្ឍន៍ តំណាងសភាពាណិជ្ជកម្មប្រទេសសមាជិកទាំងអស់ អគ្គលេខាធិការអាស៊ាន គ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗរបស់ពិភពលោក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ប្រមុខដឹកនាំនៃប្រទេសថៃ, ប្រទេសមីយ៉ាន់ម៉ា បានឡើងថ្លែងសន្ទរកថាគន្លឹះ ដែលក្នុងនោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះវាយតម្លៃខ្ពស់, គាំទ្រ និងឯកភាពទាំងស្រុងលើអនុសាសន៍ល្អៗដែលមានសារៈសំខាន់របស់ក្រុមប្រឹក្សាធុរកិច្ចអេកម៉ិក (ACMECS) សំដៅចូលរួមសម្រេចឲ្យបានូវទិសដៅគោលនយោបាយ និងចក្ខុវិស័យរបស់ ACMECS ពោលគឺការពង្រឹងកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មយ៉ាងជិតស្និតដើម្បីជំរុញការរីកចម្រើន និងការអភិវឌ្ឍកាន់តែស៊ីជម្រៅសម្រាប់តំបន់ទាំងមូល ស្របទៅនឹងផែនការយុទ្ធសាស្ត្រដែលកំពុងអនុវត្ត និងការគិតគូររបស់អេម៉ិក ជាពិសេសស្របទៅនឹងផែនការ ACMECS ២០១៩-២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវវិធានការមុតស្រួចប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយមមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់អនុវត្តដូចខាងក្រោម៖

១)រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការសម្រួលពាណិជ្ជកម្មដោយរៀបចំដាក់ឲ្យអនុវត្តនូវបញ្ជរចេញ-ចូលតែមួយ ធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មនិតិវិធីគយ ទាំងលើការកំណត់ថ្លៃ និងការបញ្ចេញទំនិញ កាត់បន្ថយនូវថ្លៃសេវា ទាំងផ្លូវការ និងមិនផ្លូវការនានា ព្រមទាំងសិក្សាធ្វើការកែសម្រួលនូវស្ថាប័ន តាមមាត់ច្រកទា្វអន្តរជាតិ និងកំពង់ផែអន្តរជាតិ ដើម្បីសម្រួល និងពន្លឿនដល់ការនាំចេញ-នាំចូល។

២)នៅលើការតភ្ជាប់ផ្នែកទន់រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទីករួមទាំងការតភ្ជាប់ផ្នែកឌីជីថល (Digital) ផងដោយដាក់ចេញជាយុទ្ធសាស្ត្រសម្រាប់ជំរុញអនុវត្តនៅក្នុងរយៈពេលមធ្យមខាងមុខ។ ជាមួយគ្នានេះផងដេររាជរដ្ឋាភិបាលកំពុងក៏សាងបន្ថែមនិងកែលម្អកំពង់ផែសមុទ្រនៅក្រុងព្រះសីហនុឲ្យមានជម្រៅទឹករហូតដល់ ១៤ម៉ែត្រ ដែលអាចទទួលបាននូវនាវាទឹកទំនិញធំៗ ទន្ទឹមនឹងការកសាងផ្លូវល្បឿនលឿន(Expressway) ពីភ្នំពេញទៅកំពង់ផែអន្តរជាតិនេះ ដើម្បីសម្រូលដល់ការដឹកជញ្ជូនទំនិញនានាទៅកំពង់ផែសមុទ្រទឹកជ្រៅដោយប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP)។ ការកសាងទាំងនេះ នឹងសម្រេចរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។

៣)ពាក់ព័ន្ធនឹងថ្លៃអគ្គិសនី ដោយសារតម្លៃអគ្គិសនីនៅកម្ពុជាមានកម្រិតខ្ពស់ជាងថ្លៃអគ្គិសនីនៅក្នុងប្រទេសមួយចំនួនដែលជាសមាជិក ACMECS ដែលជាបញ្ហាប្រឈមចម្បងមួយនៅក្នុងការទាក់ទាញការវិនិយោគ។ ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែពិនិត្យលទ្ធភាពធ្វើការបញ្ចុះថ្លៃអគ្គិសនីជាបណ្តើរៗថែមទៀតចាប់តាំងពីឆ្នាំ២០១៩ នេះតទៅ។

៤)រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតធនាគារ SMEs ព្រមទាំងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា ទន្ទឹមនឹងការដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនទៀតនៅក្នុងក្របខណ្ឌនៃគោលនយោបាយជំរុញអភិវឌ្ឍន៍ SMEs ដើម្បីលើកម្ពស់វិស័យនេះ ឲ្យក្លាយជាក្បាលម៉ាស៊ីនប្រកបដោយជវភាព នៅក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច។

៥)កម្ពុជាកំពុងរៀបចំខ្លួនដើម្បីចាប់យកសក្តានុពលនិងប្រយោជន៍នៃសេដ្ឋកិច្ច Digital ដែលកំពុងតែកើនឡើង និងរីកដុះដាក់នៅក្នុងតំបន់ និងពិភពលោក។ដូចបណ្តាលប្រទេសនៅក្នុងតំបន់, កម្ពុជាកំពុងតែបង្កើតការវិនិយោគរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធអេកូឡូស៊ីសម្រាប់ទ្រទ្រង់ការរីកចម្រើននៃសេដ្ឋកិច្ច Digital នេះដែលរួមបញ្ជូលនូវការអភិវឌ្ឍស្ថាប័ន, ការកសាង ហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងការបណ្តុះបណ្តាលធនធានមនុស្ស។

នៅក្នុងឱកាសនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញលោកនាយកប្រតិបត្តិ និងវិនិយោគិនទាំងអស់ទៅស្វែងយល់ពីកាលានុវត្តភាពវិនិយោគជាក់ស្តែងដែលកម្ពុជាអាចផ្គល់ជូនក៏ដូចជាភាពបុរេសកម្មរបស់រាជរដ្ឋាភិបាលនៅក្នុងការកែទម្រង់ ជាពិសេសការកែលម្អគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹង និងទន់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិនិយោគិនក្នុងទិសដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិស្ថានវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖