ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បន្តសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានសមាជិក សមាជិកាព្រឹទ្ធសភាចំនួន ៥៦ រូបចួលរួម។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា ។
២- ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៨៧ចំណងជើងចំណុច ” គ ” ផ្នែកទី៣នៃជំពូកទី៤មាត្រា៨៩ មាត្រា៩០ មត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្ដីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ ១៩៩៧ ។
៣- ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្ដីពីស្ដង់ដាកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ។
បន្ទាប់ពីបានស្ដាប់ប្រធានគណៈកម្មការ ដែលជាវិស័យមានសមត្ថកិច្ច ពាក់ព័ន្ធសេចក្ដីព្រាងច្បាប់ទាំង៣ខាងលើ រាយការណ៍ពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ ដែលជាវិស័យមានសមត្ថកិច្ចរបស់គណៈកម្មការនីមួយៗ
-ស្ដាប់មតិពិភាក្សា ផ្ដល់យោបល់របស់សមាជិកអង្គប្រជុំ -និងស្ដាប់មតិបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គព្រឹទ្ធសភា បានអនុម័តលើខ្លឹមសារទាំងមូលនៃសេចក្ដីព្រាងច្បាប់ទាំង៣ខាងលើ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន៥៦សម្លេង នៃសមាជិក សមាជិកាព្រឹទ្ធសភាទាំងមូល ៕