ព័ត៌មានទាន់ហេតុការណ៍៖

មេព្រៃខេត្តឧត្ដរមានជ័យដោះលែងរថយន្ដឡិចស៊ីសដឹកទ្វារ និងឈើលេខ១ដោយស្ងាត់ៗមិនបញ្ជូនទៅតុលាការដោះស្រាយតាមច្បាប់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ៖ រថយន្ដ​ទំនើប LEXUS 470 ដឹក​ទ្វារ និង​ឈើប្រណីត​ខុសច្បាប់​ ពេញប្រៀប​ បើក​លឿន​បែក​កង់​ក្រោយ ក្រឡាប់​ចូល​ស្រែ នា​កន្លងទៅថ្មីៗនេះ​ ត្រូវបាន​រដ្ឋបាល​ព្រៃឈើ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​​ដោះលែង​ដោយ​ស្ងាត់ៗ ​​។

សូម​រំលឹកថា កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ ២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង គឺ​រថយន្ដ​ទំនើប LEXUS 470 ពាក់​សា្លក​លេខ ភ្នំពេញ​2N 6975 ដឹក​ទ្វារ​បង្អួច និង​ឈើប្រណីត​ពេញប្រៀប ​បាន​បែក​កង់​ក្រោយ​ក្រឡាប់​ចូល​ស្រែ​ ស្ថិតនៅ​ចំណុច​ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ក្នុង​ហេតុការណ៍​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិតមនុស្ស ​នោះទេ គ្រាន់តែ​បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ដ​ទាំងពីរ​នាក់​ប្ដី​-​ប្រពន្ធ រងរបួស​ជា​ទម្ងន់ ។

​ចំណែក​រថយន្ដ​ត្រូវបាន​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត នាំ​យកមក​រក្សា​ទុក រ​ង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។

ក្នុងករណី​រថយន្ដ​ដឹកឈើ​ប្រណីត និង​ទ្វារ​បង្អួច​ដោយ​ខុសច្បាប់​នេះ មិនត្រូវ​បាន​ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧ​ត្ត​រ​មានជ័យ​គ្រប់គ្រង​ដោយ លោក អ៊ឹម សៅ​រិ​ទ្ធ ​បញ្ជូន​សំណុំ​រឿងនេះ​ ទៅ​ប្រព័ន្ធ​តុលាការ​ដោះស្រាយ​តាមច្បាប់​នោះទេ​…! បែរ​លួច​ដោះលែង​ដោយ​ស្ងាត់ៗ​ទៅវិញ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ធ្វើ​ឲ្យ​មហាជន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដាក់​ការសង្ស័យ​គ្រប់ៗ​គា្ន​ថា ប្រហែលជា​ទទួល​បាន​លាភសក្ការៈ​ច្រើន​​។

មតិ​សាធារណជន បាន​លើកឡើងថា កម្លាំង​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧ​ត្ត​រ​មានជ័យ របស់​លោក អ៊ឹម សៅ​រិ​ទ្ធ បង្ក្រាប​បានតែ​គោយន្ត​ដឹក​ធ្យូង នឹង​គោយន្ត​ដឹក​ឈើ​តូចតាច​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ មិន​ដែល​ឃើញ​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​យី​ឌុប​ធំៗ​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដ៏​ល្បីឈ្មោះ​ លោក ឆាយ និង​លោក រិ​ទ្ធ ​បាន​ម្ដង​នោះទេ ? ​។​

ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ កូនចៅ​លោក អ៊ឹម សៅ​រិ​ទ្ធ ​គឺលោក​ ខន ខែម ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សំរោង ​ធ្វើ​សកម្ម​ភាព​ ចុះ​ចាប់​ឃាត់​ទារ​យក​ប្រាក់​ពី​ម្ចាស់​គោយន្ត​ដឹក​ធ្យូង​បន្តិចបន្តួច​ ម្តង​ចំនួន ៥០​ម៉ឺន​រៀល​ក្នុង​មួយ​គោយន្ត​ បើ​មិនបាន​គ្រប់​ចំនួន​នោះ​ទេ​ គេ​នឹង​ចាប់​រឹបអូស​យក​មក​ទុក​នៅ​នឹងកន្លែង ​ពិន័យ​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ ។

ជុំវិញករណីខាងលើក្រុមការងារព័ត៌មានមិនអាចសុំការបំភឺពីលោក អ៊ឹម សាវ រឹទ្ធិ នាយខណ្ឌ័រដ្ឋបាលព្រៃឈើបានទេ​៕ ប៉ែន នួន


ចែករំលែក៖