ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ឪពុកវាយធ្វើបាបកូនយ៉ាងព្រៃផ្សៃដែលត្រូវគេថតវីដេអូបង្ហោះ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃបានប្រាប់ថា បុរសម្នាក់ ដែលវាយធ្វើបាបក្មេង ហើយត្រូវបានគេ ថតវីដេអូបង្ហោះចែករំលែកតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកទទួលរងការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះត្រូវបាន កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃឃាត់ខ្លួនបានហើយ ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ពេលនេះជនសង្ស័យកំពុងត្រូវបានសមត្ថ កិច្ចជំនាញសួរនាំនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ហើយក្មេងដែលត្រូវបុរសនោះវាយធ្វើបាបគឺជាកូនបង្កើតរបស់បុរសនោះដែលគេស្គាល់ឈ្មោះ ហិុន សុផាន់ណា អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ៧៣ ផ្លូវ ព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ រីឯកូនប្រុសដែលរងដោយការវាយធ្វើបាបយ៉ាងចាស់ដៃពីឪពុករូបនេះឈ្មោះ ហេង ឡិថុន អាយុ៥ឆ្នាំ រស់នៅក្នុង បន្ទុកឪពុកម្តាយខាងលើ ។

សូមជម្រាបថា នៅប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបមួយត្រូវគេបង្ហោះក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកដែលបង្ហាញពីសកម្មភាពបុរសម្នាក់បានវាយធ្វើបាប កូនក្មេងម្នាក់យ៉ាងព្រៃផ្សៃ ហើយទទួល បានការចាប់អារម្មណ៍ និងការរិះគន់យ៉ាងខ្លាំងពីមហាជននូវទង្វើដ៏ឃោរឃៅនេះ។ ទើបនៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨កម្លាំង នគរបាលឈានដល់កំណត់អត្តសញ្ញាណហើយឃាត់ខ្លួនជនសង្ស័យជាឪពុកបានតែម្តង ។

យ៉ាងណាក៏ដោយនគរបាលមិនទាន់ បង្ហាញពីមូហេតុដែលបណ្តាលឲ្យឪពុក វាយធ្វើបាបកូននៅឡើយទេ ៕ ហេង សូរិយា


ចែករំលែក៖